សម្តេច ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានតស៊ូរំដោះជាតិពីរបបប៉ុល ពត

213

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ  លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូរំដោះជាតិពីរបបប៉ុល ពត។ លោក បានថ្លែងដូចនេះ ក្នុងឱកាសចូលរួមអបអរសាទរខួបគម្រប់៦៦ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ឆ្នាំ១៩៥១-២៨មិថុនា ឆ្នាំ២០១៧) ដែលពិធីនេះ បានធ្វើឡើងយ៉ាងមហោឡារឹក នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដែលបានបដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវធ្លាក់ក្នុងគ្រោះមហន្ដរាយប្រល័យពូជសាសន៍ ដែលរបបកម្ពុជាប្រជាធិបតេយ្យបានបង្កឡើងចាប់ពីខែមេសា ឆ្នាំ១៩៧៥ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងនូវ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុសនិងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេសវាយផ្ដូលរំលំរបបដ៏យង់ឃ្នងនេះ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ក្នុងរយៈពេល ៣៨ឆ្នាំមកនេះ ក្នុងតួនាទីជាគណបក្សដឹកនាំប្រទេស គណបក្សប្រជាជនកម្ពុជា បានសម្រេចស្នាដៃធំៗ ជាប្រវត្តិសាស្ដ្រជូនជាតិជាច្រើនដែលបានបម្រើជាប្រយោជន៍ជាតិមាតុភូមិ និងធ្វើឱ្យប្រជាជាតិមានការអភិវឌ្ឍ រីកចម្រើនជាបន្តបន្ទាប់៕

  

Comments

comments