ក្រុមប្រឹក្សាឃុំ៣រូបទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ខេត្តតាកែវ ប្រកាសសុំចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា 

251

(តាកែវ)៖ ក្រោយមានការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុក ក្រុង រាជធានីខេត្ត របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលនោះ អាចបន្តមករួមរស់ក្នុងជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តបម្រើប្រជាពលរដ្ឋតទៅទៀតនោះ, នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានសមាជិកក្រុមប្រឹក្សាឃុំ របស់គណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តតាកែវ ចំនួន៣រូបទៀត បានដាក់លិខិតសុំចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា។

សមាជិកក្រុមប្រឹក្សាឃុំទាំង៣រូបនោះរួមមាន៖

១៖ លោក ឈឹម ម៉ារ៉ាឌី អាយុ៤៥ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាស្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
២៖ លោក ឡុង ធី អាយុ៥០ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។
៣៖ លោក ប៉ែន សារី ជាសមាជិកក្រុមប្រឹក្សាឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

តាមលិខិតដែលអង្គភាព Fresh News ទទួលបានសមាជិកក្រុមប្រឹក្សាទាំង៣រូប បញ្ជាក់យ៉ាងដូច្នេះថា កាលពីមុននឹកស្មានថា ការស៊ូដំណ្ដើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ប៉ុន្ដែក្រោយពី​បានឃើញនូវវីដេអូឃ្លឹប និងសកម្មភាពជាក់ស្ដែងពីការធ្វើបដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិខ្មែរ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងជាប្រធានគណបក្សប្រជាជន។​

នៅព្រលប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សមាជិកក្រុមប្រឹក្សាខេត្ត ស្រុក ខណ្ឌ នៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ ដែលចង់បន្តបម្រើប្រជាពលរដ្ឋ គឺបងប្អូនមានពេលវេលាច្រើនជាង១សប្តាហ៍ទៀត ដើម្បីមានឱកាសរួមជីវភាពនយោបាយ និងអាចបម្រើប្រជាពលរដ្ឋតទៅទៀត។

ការអំពាវនាវជាថ្មីរបស់សម្តេចតេជោជាលើកទី២នេះ ត្រូវបានសម្តេចអះអាងយ៉ាងច្បាស់ថា គឺមិនមែនជាការទិញដូរនោះឡើយ គឺគណបក្សប្រជាជនកម្ពុជា គ្មានប្រាក់ដើម្បីធ្វើការទិញដូរណាមួយនោះទេ គ្រាប់តែជាការផ្តល់ឱកាសដើម្បីឲ្យបងប្អូនដែលចង់បន្ត បម្រើប្រពលរដ្ឋមានពេលវេលាមកធ្វើកិច្ចការ ដើម្បីបម្រើប្រជាជន និងប្រទេសជាតិប៉ុណ្ណោះ៕

Comments

comments