គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរអញ្ជើញមន្ត្រីអ្នកជំនាញខ្មែរមកបណ្តុះបណ្តាលលើជំនាញជួសជុលថ្ម

154

គម្រោងអភិរក្សជួសជុលក្រុមប្រាសាទព្រះពិធូររបស់មូលនិបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និងKOICA សហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងបើកវគ្គបណ្តុះបណ្តាលជំនាញជួសជុលថ្មដល់មន្ត្រីបុគ្គលិកដែលបំពេញអភិរក្សជួសជុលនៅក្នុងគម្រោងនេះរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅការដ្ឋានប្រាសាទកោរសក់នៃក្រុមប្រាសាទព្រះពិធូរផ្ទាល់។

គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលគឺជាមន្ត្រីជំនាញខ្មែរ លោក ឡុង ណារី និងលោក រីក រ៉េត ដែលជាមន្ត្រីមានជំនាញលើការងារព្យាបាលថ្មជាច្រើនឆ្នាំ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា។ ការបើកវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីបន្ថែមចំណេះដឹងនិងជំនាញដល់មន្ត្រីបុគ្គលិកខ្មែរ ដើម្បីបំពេញការងារអភិរក្សជួសជុលឲ្យកាន់តែមានប្រសិទ្ធភាពក្នុងគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ។

លោក ឡុង ណារី បញ្ជាក់ថា មេរៀនសំខាន់ៗដែលលោកបានយកចែករំលែកដល់សិក្ខាកាមនៅពេលនេះគឺពាក់ព័ន្ធនឹងការព្យាបាលថ្ម។ លោករៀបរាប់ថា “យើងបានបង្រៀនពួកគាត់ឲ្យចេះធ្វើឯកសារ ដូចជា ការរៀបចំផែនទី ការបង្ហាញអំពីប្រភេទជំងឺរបស់ថ្ម និងសរសេររៀបរាប់អំពីវិធីសាស្ត្រ និងសម្ភារៈដែលយើងត្រូវព្យាបាលជាដើម”។

 

លោកណារីបន្តថា “តពីនេះយើងបានបង្រៀនពួកគាត់ឲ្យចេះយកជាតិអំបិលចេញពីថ្ម យកជាតិដែកច្រេះ និងស៊ីម៉ង់ដែលបារាំបានប្រើប្រាស់ក្នុងសម័យមុនដើម្បីជួសជុលប្រាសាទជាដើម។ បន្ទាប់មក យើងក៏បង្រៀនពួកគាត់ឲ្យចេះវិធីតថ្ម ការផ្សំសារធាតុផ្សំដើម្បីភ្ជាប់ថ្មជាដើម”។ លោកបន្ថែមថា រយៈពេលប៉ុណ្ណេះមិនគ្រប់គ្រាន់ទេសម្រាប់មេរៀនព្យាបាលថ្ម តែវាជាមូលដ្ឋានគ្រឹះសម្រាប់ក្រុមការងារនៅទីនេះ។ ជាពិសេស ក្រុមការងាររបស់លោកនឹងនៅតាមជួយក្នុងពេលក្រោយៗទៀតនៅពេលដែលក្រុមការងារត្រូវការរូបលោក។

លោក Park Dong Hee មន្ត្រីសម្របសម្រួលនៃគម្រោងនេះបញ្ជាក់ថា ការអញ្ជើញមន្ត្រីជំនាញខ្មែរមកបណ្តុះបណ្តាលនៅពេលនេះ  គឺដោយសារយើងដឹងថា ពួកគាត់មានបទពិសោធន៍គ្រប់គ្រាន់សម្រាប់ការងារព្យាបាលថ្មចាស់មុនយកមកប្រើប្រាស់ឡើងវិញ។ យើងមានអ្នកជំនាញកូរ៉េផ្នែកព្យាបាលថ្មនេះដែរ តែជាប្រភេទថ្មផ្សេងពីនេះ។ យើងចង់បានបច្ចេកទេសរបៀបនេះទៅផ្ទៀងផ្ទាត់ជាមួយអ្នកជំនាញរបស់យើងដែរ ហើយយើងរំពឹង ឆ្លងកាត់ការពិសោធន៍បន្តិចទៀតទៅ យើងនឹងអាចចែករំលែកគ្នាទៅវិញទៅមកពីបច្ចេកទេសរបស់ខ្មែរ និងអ្នកជំនាញកូរ៉េនាពេលអនាគត។

លោក Dong Hee បន្ថែមថា នេះមិនមែនជាវគ្គបណ្តុះបណ្តាលដំបូងនោះទេ គម្រោងបានគិតគូរលើការបណ្តុះបណ្តាលជាសំខាន់ជាមួយគ្នានឹងការងារអភិរក្សជួសជុល។ យើងបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនវគ្គរួចមកហើយ ដូចជា ការវាស់ស្ទង់ទឹកក្រោមដី ការសិក្សាអំពីរចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលលើការប្រើប្រាស់ឧបករណ៍ទំនើបៗជាដើម។ ជាមួយគ្នានេះ យើងក៏បានបញ្ជូនមន្ត្រីជំនាញទៅទទួលវគ្គបណ្តាលរយៈពេល៣ខែនៅប្រទេសកូរ៉េផងដែរ។

សិក្ខាកាមដែលចូលរួមវគ្គវគ្គបណ្តុះបណ្តាលនេះ គឺជាមន្ត្រីរបស់អាជ្ញាធរជាតិអប្សរារ៣រូបដែលសហការធ្វើក្នុងគម្រោងគឺ មន្ត្រីជំនាញផ្នែកបុរាណវិទ្យា វិស្វកម្ម និងជំនាញជួសជុល។ ក្រៅពីនេះ កម្មករខ្មែរចំនួន១២រូបកំពុងបំពេញការងារជួសជុលជាមួយអ្នកជំនាញ៕

Comments

comments