ក្រុមហ៊ុនធំៗស្វីសមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

169

នៅវិមានសន្តិភាព ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោក អាន់ទ្រៀ ហ្គឺប៊ឺ (Adreas Gerber) នាយកគ្រប់គ្រងនៃក្រុមហ៊ុន Credit Suisse ដែលបានដឹកនាំប្រតិភូក្រុមហ៊ុនជាច្រើនរូបទៀត របស់ប្រទេសស្វីស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជម្រាបជូនគណៈប្រតិភូទាំងអស់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។

តាមការបញ្ជាក់របស់ លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្រោយជំនួបពិភាក្សាការងារនេះ បានឱ្យដឹង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្វាគមន៍លោក Adreas Gerber ក៏ដូចជាប្រធានក្រុមហ៊ុនផ្សេងទៀត លើវិស័យចម្រុះ ខាងផ្នែកធនាគារ និងហិរញ្ញវត្ថុ, អចលនទ្រព្យ, ការសាងសង់ជាដើម។

លោក Adreas Gerber បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីថា វត្តមានរបស់ប្រតិភូវិនិយោគិននេះ គឺដើម្បីស្វែងរកការពិតអំពីស្ថានភាពសេដ្ឋកិច្ច វិនិយោគនៅក្នុងប្រទេសកម្ពុជា។លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជាក់ជូនទៅកាន់ប្រតិភូថា អ្វីដែលកម្ពុជានៅតែផ្តល់អាទិភាពគឺវិស័យ៤៖ វិស័យអភិវឌ្ឍន៍ធនធានមនុស្ស, ទឹក, ផ្លូវ និងវិស័យអគ្គីសនី។ គណៈប្រតិភូក៏បានសាកសួរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីវិស័យនានាដែលក្រុមហ៊ុនស្វីស គួរតែវិនិយោគបាននៅកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ក្រុមហ៊ុនស្វីស គួរតែវិនិយោគលើវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយសារតែក្រុមហ៊ុន Credit Suisse ជាធនាគារមួយលំដាប់អន្តរជាតិ។ ជាងនេះទៀត លោកក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគ លើវិស័យធនធានមនុស្ស និងទេសចរណ៍ ដោយសារបច្ចុប្បន្ននេះ កម្ពុជាមានទេសចរប្រមាណ៥,៥លាននាក់ ហើយតាមការប៉ាន់ស្មាន នៅឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ ប្រមាណ៥,៨លាននាក់ ដែលមកពីក្រៅប្រទេស។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដែរថា ពីដើមឡើយ ក្រុមហ៊ុនមួយចំនួននៅកម្ពុជា បានផ្តោតទៅលើបរិមាណ ប៉ុន្តែការវិវត្តន៍ចុងក្រោយនេះ គឺមិនត្រឹមតែបរិមាណទេ គឺបានគិតគូរទាំងបរិមាណ និងគុណភាព។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ក៏បានចាប់អារម្មណ៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវេចខ្ចប់ដែលជាតម្រូវការសំខាន់បំផុតនៅកម្ពុជា។ លោក ហ៊ុន សែន បានលើកទឹកចិត្ត និងជូនពរគណៈប្រតិភូទាំងអស់ជោគជ័យ ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់អំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

Comments

comments