រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ ដឹកនាំគណៈប្រតិភូចូលរួម វេទិកាច្បាប់ ចិន​-អាស៊ាន

4


(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូក្រសួងយុតិ្តធម៌​​​ ចូលរួមវេទិកាជួបជុំអ្នកច្បាប់​​ និងវេទិកាច្បាប់ចិន​​​-អាស៊ាន​​​ ដែលរៀបចំទ្បើងដោយ សមាគមច្បាប់ចិន (China Law Society) នៅទីក្រុង​ណាននីង​ ខេត្តគ័ងស៊ី ប្រទេសចិន ​។

វេទិកាច្បាប់ចិន​​-អាស៊ាន​​​​ ត្រូវបានរៀបចំទ្បើង ដោយមានការចូលរួមពីសំណាក់មន្ត្រី ជាន់ខ្ពស់រដ្ឋាភិបាល ​ស្ថាប័នតុលាការ​​​ សមាគមច្បាប់អាស៊ាន​ អ្នកជំនាញការច្បាប់អន្តរជាតិ​និងជាតិ ជាច្រើនរូប មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន​​​ និងសាធារណរដ្ឋប្រជាមានិតចិន​​ ក្នុងគោលបំណងពង្រីក​​ និងពង្រឹង នូវកិច្ចសហប្រតិបតិ្តការលើវិស័យច្បាប់ឲ្យកាន់តែទូលំទូលាយ​​​ និងស៊ីជម្រៅ​​ រវាងប្រទេសជាសមាជិកអាស៊ាន​​ និងចិន តាមរយ:កិច្ចពិភាក្សា​​ផ្លាស់ប្តូរយោបល់ និងធ្វើបទបង្ហាញលើប្រធានបទ សំខាន់ៗ​​ ពាក់ព័ន្ធនឹង: ១-កិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍលើវិស័យច្បាប់ពាណិជ្ជកម្ម​​​-វិនិយោគ ​ ២-យន្តការការការពារនិង កិច្ចសហប្រតិបតិ្តការវិស័យច្បាប់ ៣-យន្តការផ្លាស់ប្តូរព័ត៌មានក្នុងវិស័យច្បាប់។​​

ការថ្លែងក្នុងឱកាសបើកវេទិកានេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ​បានគូសបញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច​តេជោ ហ៊ុន​ សែន​​ ​បានកំពុងយកចិត្តទុកដាក់ និងជំរុញយ៉ាងសកម្ម ក្នុងការរៀបចំទាំងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងយន្តការ ផ្សេងៗ ដើម្បីធានាឲ្យបាននូវបរិយាកាសពាណិជ្ជកម្ម វិនិយោគមួយដ៏ល្អប្រសើរ​​​​ សម្រាប់អ្នកវិនិយោគជាតិ ​និងអន្តរជាតិ​​។​

តំណាងឲ្យស្ថាប័នច្បាប់​ និងយុត្តិធម៌នៃបណ្តាប្រទេសអាស៊ាន​​​​​ទាំងអស់ ​​លោក អង្គ វង្ស វឌ្ឍានា ក៏បានជួបពិភាក្សាការងារ​​​ជាមួយប្រធានសមាគមច្បាប់ចិន ដើម្បីពិនិត្យលទ្ធភាពលើការពង្រឹង កិច្ចសហប្រតិបតិ្តការវិស័យច្បាប់ផងដែរ។ ជាលទ្ធផល ភាគីចិន បានស្វាគមន៍យ៉ាងកក់ក្តៅក្នុង ការជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងវិស័យច្បាប់ ជាមួយបណ្តា ប្រទេសអាស៊ាន ជាពិសេសជាមួយកម្ពុជា៕

Comments

comments