ភាពយន្ដជាវប្បធម៌សំខាន់សម្រាប់ជាតិ មិនមែនគ្រាន់តែជាទំនិញសម្រាប់ធ្វើពាណិជ្ជកម្មប៉ុណ្ណោះ​ទេ

4


(ភ្នំពេញ)៖ លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ភាពយន្ដជាវប្បធម៌មួយ​យ៉ាង​សំខាន់សម្រាប់ជាតិ និងបានបង្កប់លក្ខណៈសម្គាល់៣យ៉ាង សម្គាល់អត្តសញ្ញាណវប្បធម៌, គុណតម្លៃ និងអត្ថន័យ ហើយនេះមិន​ត្រឹម​តែជាទំនិញសម្រាប់ធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្ដែភាពយន្ដជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពសង្គម និងប្រវត្តិសាស្រ្ដរបស់មនុស្សជាតិ​ផងដែរ។

ការលើកឡើងបែបនេះ របស់លោក រដ្ឋលេខាធិការ ធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួមជាអធិបតីភាពក្នុងកម្មវិធី បើកសម្ពោធមហោស្រពភាពយន្ដជាតិលើកទី៥ជាផ្លូវការ នាយប់ថ្ងៃទី០៦ ខែធ្នូ​ ឆ្នាំ២០១៧ ដោយមានការអញ្ជើញចូលរួមពីសំណាក់​ផលិករខ្មែរ រួមទាំងតារាសម្ដែងជាច្រើនរូប។

មហោស្រពភាពយន្ដលើកទី៥នេះ ត្រូវបានប្រព្រឹត្តឡើងក្នុងបរិយាកាស ដែលវិស័យភាពយន្ដកម្ពុជា កំពុងត្រូវការពង្រឹងវិវត្តឈានឡើង​គួរឲ្យកត់សម្គាល់។ គោលដៅសំខាន់ក្នុងការរៀបចំមហោស្រពភាពយន្ដជាតិលើកទី៥នេះធ្វើឡើង ដើម្បីផ្ដល់ការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយលើផ្នែកធនធានមនុស្ស និងបច្ចេកទេសនៃការផលិតភាពយន្ដ សំដៅពង្រឹងសមត្ថភាព និងលើកម្ពស់គុណភាព​ផលិតភាពយន្ដ ដើម្បីការប្រកួតប្រជែងលើកទីផ្សារ។

លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងឲ្យដឹងថា មហោស្រពភាពយន្ដមិនគ្រាន់តែជា​វេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្ដែជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ និងចំណេះដឹងផងដែរ។

លោកបានបញ្ជាក់ផងដែរថា ការរៀបចំមហោស្រពភាពយន្ដលើកទី៥នេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់ ក្នុងការចូលរួម​ចំណែកលើកស្ទួយការដំណើរការ អភិវឌ្ឍឧស្សាហកម្មភាពយន្ដនៅកម្ពុជា។

លោកបានបញ្ជាក់ទៀតថា ការរៀបចំមហោស្រពភាពយន្ដជាតិពេលនេះ បានកំណត់នូវវិធាន និងលក្ខខណ្ឌដោយតម្រូវ​គ្រប់ស្នាដៃភាព​យន្ដ​ទាំងអស់ ត្រូវអនុវត្តតាមគោការណ៍ពិនិត្យវាយតម្លៃជាង២តំណាក់កាលរួមមាន៖

១៖ ពិនិត្យវាយតម្លៃជ្រើសរើសស្នាដៃភាពយន្ដចំនួន៨ ចំណងជើង ពីស្នាដៃដែលដាក់ពាក្យចូលរួម​ ប្រកួតប្រជែង ដើម្បីបន្ដចូលរួម​ប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយនោះក៏មានការពិនិត្យវិនិច្ឆ័យលើស្នាដៃឯក​សំខាន់ៗចំនួន៨ផងដែរ ក្នុងនោះមានស្នាដៃនិពន្ធ ដឹកនាំរឿង ថត តួសម្ដែង តុបតែងឆាក ពន្លឺ និងស្នាដៃប្រព្រឹត្តិកម្មភាពយន្ដ។

២៖ ស្នាដៃភាពយន្ដទាំង៨ ចំណងជើងចុងក្រោយ នឹងពិនិត្យវាយតម្លៃដើម្បីប្រកាស ជ័យលាភីជាស្នាដៃ ភាពយន្ដឆ្នើមប្រចាំមហោ​ស្រពភាពយន្ដជាតិលើកទី៥។ ជាមួយនឹងការវាយតម្លៃជ្រើសរើសបុគ្គលដែលមានស្នាដៃឯកទេសឆ្នើមទាំង៨ផងដែរ។

ឆ្លងកាត់ការទស្សនា និងវាយតម្លៃលើស្នាដៃភាពយន្ដ ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង មានតែភាពយន្ដចំនួន៨តែប៉ុណ្ណោះ ដែល​ជាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលក្នុងនោះរួមមានរឿង៖
១៖ រឿង មុនពេលដួលរលំ របស់ផលិតកម្ម រ៉ក់ អ៊ិនធើធេនមេន
២៖ រឿង ស៊ុបភើមាំ របស់ផលិតកម្ម មហាហង្ស
៣៖ រឿង តម្លៃស្នេហ៍ របស់ផលិតកម្ម ខ្មែរមេគង្គ
៤៖ រឿង ការពារឧក្រិដ្ឋជន របស់ផលិតកម្ម កងចក្រភីកឈ័រ
៥៖ រឿង ទឹកចិត្តអ្នកម្ដាយសម័យថ្មី របស់ផលិតកម្ម ថោន អ៊ិនធើធេនមេន
៦៖ រឿង អ្នកនាងម្ចាស់លឺកឺ របស់ផលិតកម្ម មហាហង្ស
៧៖ រឿង វិកលចរិក របស់ផលិតកម្ម មាតុចក្រ
៨៖ រឿង ខូចចិត្តអាជីព របស់ផលិតកម្ម រ៉ក់ អ៉ីនធើធេនមេន។

ភាពយន្ដទាំង៨នេះក៏នឹងដាក់បញ្ចាំងឲ្យទស្សនាដោយសេរី នៅក្នុងរោងភាពយន្ដទំនើប៣រួមមាន Major, Legend, and Prime ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។

សូមបញ្ជាក់ថា ស្នាដៃទទួលបានជ័យលាភីល្អប្រចាំមហោស្រពភាពយន្ដជាតិលើកទី៥ នឹងទទួលបានពានរង្វាន់មាសមួយ អមដោយ​ទឹកប្រាក់ចំនួន៣០លានរៀល៕

Comments

comments