សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ព្រឹកមិញ

3


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ នឹងអញ្ជើញចូលរួមអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៩ ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ។

ការប្រារព្ធទិវាជនពិការនាព្រឹកនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីទូតប្រចាំនៅកម្ពុជា ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ ព្រមបងប្អូនជនពិការជាច្រើនពាន់នាក់ផ្សេងទៀត។ សម្តេចតេជោ ហ៊ុន សែន តែងបានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីនេះជារៀងរាល់ឆ្នាំ ដើម្បីជាលើក និងផ្តល់កម្លាំងចិត្តដល់បងប្អូនជនពិការ។

ទិវាជនពិការត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «ធ្វើឲ្យមានភាពរឹងមាំស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា» ក្នុងគោលបំណង ដើម្បីអបអរសាទរភាពជោគជ័យ នៃវិស័យពិការភាពនៅកម្ពុជា បង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការ ធានាដល់ ការធ្វើបរិយាប័ន្ន និងចលនាការនៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាព នៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិ ជនពិការ ទសវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ត្រអ៉ីនឈាន់ «ធ្វើឱ្យសិទ្ធក្លាយជាការពិត» ក៏ដូចជាផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព២០១៤-២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទិវាជនពិការអន្តរជាតិ ត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនពិការ ដែលជាជនបាត់បង់កាយសម្បទា កាយវិញ្ញាណ និងសតិបញ្ញា ប្រមាណជាង១ប៊ីលាននាក់នៅក្នុងពិភពលោក ដែលតែងតែជួបប្រទះនូវឧបសគ្គរារាំងនៅក្នុងជីវិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ នៅ សហរដ្ឋអាមេរិកនិងអឺរុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការ យល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតសំខាន់លើសិទ្ធិជនពិការនិងការធ្វើសមាហរណកម្មជនពិការទៅ លើគ្រប់សកម្មភាព នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។

ដោយឡែក ព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាជនពិការនេះឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។ ក្រៅពីនោះប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត ដែលនាំឲ្យមានពិការភាពដូចជា គ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ ភាពមិនប្រក្រតីពីកំណើត ចាស់ជរា និងផលវិបាកនៃជម្ងឺផេ្សងៗទៀត ដូចជាជម្ងឺដាច់សរសៃរឈាម ក្នុងខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺមហារីក។ល។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាមានជនពិការប្រមាណ ៥០ម៉ឺននាក់។ លោកបានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យការរើសអើង និងការមើលងាយលើជនពិការពីសាធារណជនត្រូវបានកាត់បន្ថយ ហើយសិទ្ធិរបស់ជនពិការក៏ត្រូវបានលើកកម្ពស់ខ្លាំងផងដែរ៕

Comments

comments