សម្ដេចតេជោ ហ៊ុន សែន៖ សមិទ្ធផលដែលកម្ពុជាកំពុងមាន​ គឺកើតចេញពីការប្រឹងប្រែង​របស់ CPP ​ផ្ទុយពីអតីតបក្សប្រឆាំង ដែលប្រាប់​បរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញ​

105

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សមិទ្ធផលដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺកើតចេញពីការប្រឹងប្រែងខ្លាំងណាស់ របស់គណបក្សប្រជាជនកម្ពុជា ដែលផ្ទុយពីអតីតគណបក្សប្រឆាំង តែងតែអំពាវនាវឲ្យ​បរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញរបស់កម្ពុជាជាដើម។ (សូមទស្សនាវិដេអូប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន)

ការមានប្រសាសន៍ខាងលើនេះរបស់ សម្តេចតេជោ ហ៊ុន សែន ​បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ ខណៈសម្តេច​អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីជាង១៥,០០០នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលតាមរយៈការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងខ្លាំងណាស់ អ្វីដែល​បាននិងកំពុងកើតនៅលើទឹកដីប្រទេសកម្ពុជា ក្មួយៗ (កម្មករ កម្មការិនី) កំពុងមានការងារធ្វើ និងប្រាក់ចំណូលមិនមែនបានមកពីការបង្ខិតបង្ខំរបស់អ្នកណា ជាពិសេសបក្សប្រឆាំងតែងតែអួតអាង ប៉ុន្ដែតែបក្សប្រឆាំងតែងតែទៅប្រាប់គេប្រាប់ឯងថា កុំផ្ដល់ជំនួយមកកម្ពុជា កុំទិញទំនិញពីកម្ពុជា និងកុំវិនិយោគមកកាន់កម្ពុជា»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា អ្វីដែលអតីតបក្សបានធ្វើ គឺអំពាវនាវឲ្យបរទេសកុំផ្តល់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញនោះ មិនទើបតែនឹងធ្វើនៅថ្ងៃនេះទេ ក្រុមប្រឆាំង​ធ្វើយូរណាស់មកហើយ ធ្វើរហូតដល់រាជរដ្ឋាភិបាលចាប់ថ្នាក់បានថា ជាដំណើរការបដិវត្តន៍ពណ៌ នៃការបំផ្លិតបំផ្លាញ​ ហើយក្រុមប្រឆាំងនោះ​ក៏ត្រូវទទួលរងនូវទណ្ឌកម្ម ដែលមិនអាចលើកលែង និងអត់ឱនឲ្យបាននោះទេ ជាក់ស្ដែងបក្សសង្គ្រោះជាតិ ត្រូវបានកាត់រំលាយជាដើម។

សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយសាលដីកាបិទផ្លូវតវ៉ារបស់តុលាការកំពូលកម្ពុជា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញថា គណបក្សប្រឆាំងធំជាងគេមួយនេះ បានឃុបឃិតជាប្រព័ន្ធជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានកាត់ទោសថ្នាក់ដឹកនាំ គណបក្សនេះចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕

Comments

comments