រាជរដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងសៀមរាបដ៏ធំមួយ

126

ថ្លែងនៅក្នុងកិច្ចពិភាក្សាបញ្ចប់ការសិក្សាបច្ចេកទេស នៃគម្រោងដឹកជញ្ជូនពណ៌បៃតង និងការកែលំអប្រព័ន្ធប្លង់មេក្នុងក្រុងសៀមរាប នៅថ្ងៃអង្គារ ៩រោច ខែ មិគសិរ ឆ្នំារការ នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតង ឬផ្លូវក្រវ៉ាត់ក្រុងសៀមរាបដ៏ធំមួយនៅផ្នែកខាងត្បូងក្រុងសៀមរាប ស្របតាមបឹងទន្លេសាប ចាប់ពីស្រុកប្រាសាទបាគង ទៅដល់ស្រុកពួក ដែលមានពីរគន្លងប្រវែងសរុប៤២គីឡូម៉ែត្រ និងមានទទឹងប្រវែង១៣ម៉ែត្រ ប្រភេទកៅស៊ូAC និងមានសំណង់សិល្បៈមួយចំនួន។

លោកបានមានប្រសាសន៍ទៀតថា គោលបំណងនៃគម្រោងនេះ គឺដើម្បីផ្តល់ដំណោះស្រាយដល់ការដឹកជញ្ជូននិងការស្តាឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុងសៀមរាប ការអភិវឌ្ឍន៍លក្ខខណ្ឌបច្ចេកទេស ចរាចរណ៍ ការដឹកជញ្ជូន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនភាពងាយស្រួលរបស់ប្រជាពលរដ្ឋ ហើយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ ត្រូវបានធ្វើការសិក្សាបច្ចេកទេសដោយអ្នកជំនាញកូរ៉េ ហើយបន្ទាប់ពីការបញ្ចប់ការសិក្សានេះ រាជរដ្ឋាភិបាលកម្ពុជា និងស្វែងរកដៃគូអភិវឌ្ឍក្នុងការយកថវិកាមកអនុវត្តគម្រោងនេះឱ្យបានឆាប់ៗនាពេលខាងមុខនេះ ខណៈដែលបច្ចុប្បន្ននេះ ឃើញថា រដ្ឋាភិបាលកូរ៉េអាចជាដៃគូក្នុងជួយគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ។

លោកស្រី សាង មីលី តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានមានប្រសាសន៍ថា ទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ បច្ចុប្បន្ននេះ គឺកាន់តែមានភាពល្អប្រសើរ ហើយកន្លងមករដ្ឋាភិបាលកូរ៉េក៏បានផ្តល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ដែរ ហើយចំពោះគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនពណ៌បៃតងនេះ អ្នកជំនាញកូរ៉េ ក៏បានជួយធ្វើការសិក្សាបច្ចេកទេស ដែលត្រូវបានពិភាក្សាបញ្ចប់នៅថ្ងៃនេះ។

លោកស្រី សាង មីលី បានបញ្ជាក់ទៀតថា សម្រាប់ការស្វែងរកដៃគូអភិវឌ្ឍក្នុងការយកថវិកាមកអនុវត្តគម្រោងរបស់កម្ពុជា លោកស្រីរំពឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងពិភាក្សាគ្នា និងឈានទៅរកភាពល្អប្រសើរមួយក្នុងការអនុវត្តគម្រោងនេះ ៕

Comments

comments