សាដៀវ ជា​ឧបករណ៍​គ្រឿង​កេះ ត្រែះ ឬ​ដេញ​មួយ​ប្រភេទ​របស់​ខ្មែរ​ មាន​ខ្សែលួស​ស្ពាន់​តែមួយ មាន​សំបក ឃ្លោក​មូល ( ឃ្លោកសាដៀវ ) មួយ​កំណាត់​ទ្រ​ភ្ជាប់​ពីក្រោម​ដង មាន​ប៉ោល​សម្រាប់​រឹត​ឬ​បន្ធូរ​ខ្សែ​, ប្រើ​ជា​គ្រឿង​ដេញ មាន​សូរសព្ទ​មូល​រងំ

923

ខ្សែ​មួយ ឬ​សាដៀវ ជា​ឧបករណ៍​គ្រឿង​កេះ ត្រែះ ឬ​ដេញ​មួយ​ប្រភេទ​របស់​ខ្មែរ​យើង​ដែល​រួម​ផ្សំ​ប្រគំ​នៅ​ក្នុង​វង់ភ្លេង​អារក្ខ ដែល​គេ​ជឿ​ថា មាន​អាយុកាល​ច្រើន​ពាន់​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​មុន​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា ហូរ​ចូល​មក​តំបន់​ជ្រោយ​សុវណ្ណ​ភូមិ​ម៉្លេះ ។ ឧបករណ៍​តន្ត្រី​សាដៀវ​ក៏​ជា​ឧបករណ៍​មួយ​សមប្រកប​នៅ​ក្នុង​វង់ភ្លេង​ប្រពៃណី​ខ្មែរ​(​ភ្លេង​ការ​) ដែល​គេ​ជឿ​ថា មាន​អាយុកាល​តាំងពី​ការ​កកើត​ឡើង​នៃ​ព្រះរាជ​វង្ស ព្រះ​បឋម​មហាក្សត្រ​ខ្មែរ​… ពិសេ  ស​គឺជា​កេរដំណែល​ដែល​ចេញ​មក​ពី​ពិធី​រាជា​ពិ​សេក​(​អាពាហ៍ពិពាហ៍ មង្គលការ​) រវាង​ព្រះថោង និង​នាងនាគ ឬ​កៅ​ណ្ឌិ​ន្យ និង​ព្រះ​នាង​សោ​មា ឬ​ក៏​ព្រះបាទ​ហ៊ុនទៀន  និង​ព្រះ​នាង​លីវ​យី នៅ​ដើម​សតវត្ស​ទី​១​នៃ​គ្រឹ​ស្ត​សករាជ​នោះ​ឯង ។

យោង​តាម​សៀវភៅ​«​ទស្សនីយភាព​ខ្មែរ​»​បាន​លើក​ឡើង​ថា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ គេ​សង្កត​ឃើញ​មាន​រូបចម្លាក់​នៃ​ឧបករណ៍​តន្ត្រី​សាដៀវ​នៅ​លើ​ផ្ដែរ ឬ​ជញ្ជាំង​ប្រាសាទ​ជា​ច្រើន​ដូច​ជា ប្រាសាទសំបូរព្រៃគុក ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង​ប្រាសាទ​ដទៃ​ទៀត​ជាដើម ។ ឧបករណ៍​តន្ត្រី​នេះ​មាន​ខ្សែ​តែ​មួយ ដែល​វេញ​ដោយ​សរសៃសូត្រ​បញ្ចូល​គ្នា​(​ឥឡូវ​គេ​ប្រើ​ខ្សែលួស​ជំនួស​វិញ​)​ដាក់​សណ្ដូក​តាម​បណ្ដោយ​ដង​យ៉ាង​វែង​ធ្វើ​ពី​ឈើ​រឹង ហើយ​ភាគច្រើន​រចនា​ជា​រូប​ក្បាល​ពស់ ឬ​នាគ​ដោយ​ចង​រឹតខ្សែ​នោះ​ពី​ចុង​ដង​មក​ចង​ភ្ជាប់​នឹង​ព្រ​លួត ដែល​នៅ​ខាង​គល់​ដង (​ខុស​ពី​ឧបករណ៍​ចា​បី​ុ​ដែល​ព្រ​លួត​សម្រាប់​រឹត​សំឡេង​ស្ថិត​នៅ​ខាង​ចុង​ដង ) ព្រមទាំង​មាន​យក​សម្បក​ឃ្លោក​ទុំ​(​ឃ្លោកក្អម​)​កាត់​មួយ​កំណាត់​មក​ចង​ភ្ជាប់​នឹង​ដង​ជិត​ព្រ​លួត​ដោយ​យក​ផ្នែក​ក​ស្ដួច​នៃ​សម្បក​ឃ្លោក​នោះ​ទៅ​ចង​ជាប់​នឹង​គល់​ដង​ដើម្បី​ធ្វើ​ជា​ប្រអប់​សំឡេង ។ ឃ្លោក​ដែល​ជា​ប្រអប់​សំឡេង​នេះ​មិន​មាន​សន្ទះ​ទេ គឺ​គេ​ទុក​ឱ្យ​នៅ​ប្រហោង​ដូច​សម្បក​ឃ្លោក​ធម្មតា​។ ពេល​គេ​ប្រគំ​គឺ​យក​សម្បក​ឃ្លោក​នោះ​មក​ដាក់​ផ្ទប់​នឹង​ដើមទ្រូង​តន្ត្រីករ អ្នក​ប្រគំ ឬ​ដេញ​ឧបករណ៍​ខ្សែ​មួយ​នេះ​ដើម្បី​ឱ្យ​មាន​សំឡេង​ខ្ទ័រ​ឡើង ។ គេ​កេះ ឬ​ត្រែះ ឬ​ដេញ​ឧបករណ៍​នេះ​ដោយ​ក្រចក​ធ្វើ​ពី​បន្ទះ​លោហធាតុ​មូរ​ស៊ក​នឹង​នាងដៃ​… ។ អាស្រ័យ​ដោយ​ឧបករណ៍​មាន​ភិនភាគ​ពិសេស​យ៉ាង​ដូច្នេះ​ហើយ​ទើប​ខ្មែរ​យើង​និយម​ឱ្យឈ្មោះ​ថា ខ្សែ​មួយ ឬ​សា​ដៀង​យ៉ាង​ដូច្នេះ ។

ចំណែក​ខាង​ចម្រៀង​ខ្សែ​មួយ ឬ​ចម្រៀង​សាដៀវ​វិញ​មិន​ខុស​អី្វ​ពី​ចម្រៀង​ចា​ប៉ីរឿង ឬ ចា​ប៉ី​ឆ្លង​ឆ្លើយ​ឡើយ គឺជា​ប្រភេទ​ចម្រៀង​រៀបរាប់​រឿង​… និង​ពេល​ខ្លះ​ជា​ចម្រៀង​ដេញ​ប្រាជ្ញ​ចោទ​ឆ្លើយ​គ្នា ជា​កំណាព្យកាព្យឃ្លោង​ឥត​ព្រាង​ទុក​យ៉ាង​ប៉ិ​ន​ប្រសប់ ដោយ​ចម្រៀង​ខ្លួនឯង​ត្រូវ​ច្រៀង​ផង​ដេញ​សាដៀវ​ខ្លួនឯង​ផង ឬ​ពេល​ខ្លះ​ក៏​មាន​អ្នក​ដេញ​សាដៀវ​ជំនួស​ផង​ក៏​មាន ។

ជា​ភាព​ជាក់ស្ដែង នៅ​ក្នុង​សង្គម​កម្ពុជា​សិល្បៈ​ចម្រៀង​ខ្សែ​មួយ​ក៏​ដូច​ជា​សិល្បៈ​ចម្រៀង​ចា​ប៉ី​ដែរ គឺជា​ប្រភេទ​សិល្បៈ​ផ្នែក​គំនិត​(Art Cérébral ) ស្ងប់ស្ងៀម​មិន​អាសអាភាស ប៉ុន្តែ​មាន​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​កសាង​ធនធានមនុស្ស​ខ្មែរ ទាំង​ឱ្យ​មានចំណេះ​ដឹង ទាំង​ឱ្យ​មានចំណេះ​ធ្វើ កសាង​សីលធម៌​សង្គម ជួយ​ជំរុញ​ឱ្យ​សង្គម​ជាតិ​រស់រាន​ប្រកបដោយ​ធម៌​យោគយល់ សុខ​សុភមង្គល ។ គេ​មាន​ជំនឿ​ជឿជាក់​ថា តាំងពី​យូរលង់​ណាស់​មក​ហើយ​ចម្រៀង​សាដៀវ ឬ​ចម្រៀង​ខ្សែ​មួយ​នេះ​(​តិច ឬ​ច្រើន​) តែង​មាន​វត្តមាន​ជា​និច្ច​ក្នុង​សង្គម​ជាតិ​កម្ពុជា ជា​សិល្បៈ​មួយ​ប្រភេទ​សម្រាប់​ការ​អប់រំ​… ។

សៀវភៅ «​ទស្សនីយភាព​ខ្មែរ​» បញ្ជាក់​ថា រហូត​មក​ដល់​អំឡុង​ចុង​សតវត្សរ៍​ទី​១៩ ដើម​សតវត្សរ៍​ទី​២០ ចម្រៀង​ខ្សែ​មួយ ឬ​សាដៀវ​លេចមុខ​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា​… ដោយនៅ​អំឡុង​ពេល​នោះ សង្គម​បរិយាកាស​នៅ​កម្ពុជា ត្រូវ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង​ព្រោះ​អាណានិគមនិយម​បារាំង​បាន​ប្រើ​អំណាច​រំលោភ​ទាំង​កំរោល​បង្ខំ​ដាក់​ប្រទេស​កម្ពុជា​ឱ្យទៅ​ជា​ប្រទេស​ក្រោម​អាណានិគម​របស់​ខ្លួន​ចាប់ពី​ឆ្នាំ​១៨៨៤(​បណ្ដាំ​ក្រម​ង៉ុ​យ ពុទ្ធ​សាសន​បណ្ឌិត្យ​១៩៩៨,​ជីវប្រវត្តិ​អ្នក​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ​ហៅ​ង៉ុ​យ (១៨៦៥-១៩៣៦)​ស្រាវជ្រាវ​ដោយ​លោក​សាស្ត្រាចារ្យ យី ធន់ ) ។ ក្នុងអំឡុងពេល​ដែល​ប្រទេស​ជាតិ​ជួប​វិ​ប​រឹត​មានវិបត្តិ​យ៉ាងច្រើន ប៉ះពាល់​ដល់​គ្រប់​វិស័យ​របស់​សង្គម​ជាតិ​ក៏​ដូច​ជា​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ​ទូ​ទាំង​ប្រទេស​នេះ អ្នកប្រាជ្ញ​ប្រជាប្រិយ​ខ្មែរ​ម្នាក់ គឺ​អ្នក​ព្រះ​ភិ​រម្យ​ភាសា​អ៊ូ ហៅ​ង៉ុ​យ ក្រម​ង៉ុ​យ​(១៨៦៥-១៩៣៦) បាន​ដើរ​ទេសន៍ ឬ​ច្រៀង​ដើម្បី​អប់រំ​ជនជាតិ​ខ្មែរ​នៅ​គ្រប់​តំបន់​ដោយ​ប្រើ​ឧបករណ៍​តន្ត្រី​ខ្សែ​មួយ ឬ​សាដៀវ​នេះ​។ គាត់​និយម​យក​សម្បក​ឃ្លោក​ចង​ក្នុង​បង្វេច​ស្ពាយ ហើយ​យក​ដង​សាដៀវ​នោះ​ធ្វើ​ឈើច្រត់​ក្នុង​ពេល​ធ្វើ​ដំណើរ​កាត់​ពី​ទី​មួយ​ទៅ​ទី​មួយទៀត​…​។ ក្រម​ង៉ុ​យ​អាច​យក​សម្បក​ឃ្លោក​ក្នុង​បង្វេច​នោះ​ផ្គុំ​ជាមួយ​ដង​ដែល​ជា​ឈើច្រត់​បានជា​សាដៀវ ភ្លាម​ៗ ក្នុង​ពេល​ដែល​គាត់​ត្រូវការ​ដើម្បី​បានជា​ឧបករណ៍​តន្ត្រី​ជូន​ចម្រៀង​របស់​លោក ពន្យល់​ប្រជារាស្ត្រ​អំពី​ការ​លំបាក​សព្វបែបយ៉ាង​ពី​ការ​បាត់បង់​ឯករាជ្យ និង​សេរីភាព ពន្យល់​ណែនាំ​ប្រជារាស្ត្រ​ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ​… ប្រឹងប្រែង​ប្រកប​របរ​ចិញ្ចឹមជីវិត​… ទូន្មាន​ប្រៀប​ប្រដៅ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​កុំឱ្យ​បែកបាក់​គ្នា និង​ឱ្យ​ខ្មែរ​រួបរួមសាមគ្គី​គ្នា​ជាដើម ។​ល​។ ដែល​ធ្វើ​ឱ្យ​កិត្តិនាម​របស់​គាត់​ល្បី​រន្ទឺ​យ៉ាង​ក្រៃ​លែង ។

ក្រុម​អ្នក​ស្រាវជ្រាវ​សម្ដែង​ការ​ព្រួយបារម្ភ​ព្រោះ​រហូត​មក​ដល់​ពេល​កត់ត្រា ឬ​សរសេរ​អត្ថបទ​ស្ដី​ពីសា​ដៀវ​(​ខែមេសា ឆ្នាំ​២០០៣ និង​មក​ដល់​បច្ចុប្បន្ន ) បាន​សង្កេត​ឃើញ​ថា ឧបករណ៍​ចា​បី​ុ​ដង​វែង ក៏​ដូច​ជា​ឧបករណ៍​ខ្សែ​មួយ ឬ​សាដៀវ​ដែរ ហាក់ដូចជា​មាន​កម្រិត​ស្រុត​ចុះ​យ៉ាង​ខ្លាំង​ក្នុង​ការ​សមប្រកប​នៅ​ក្នុង​វង់ភ្លេង​ប្រពៃណី ឬ​ភ្លេង​ការ​ខ្មែរ ពិសេស​គឺ​នៅ​រាជធានី​ភ្នំពេញ … ដោយ​តន្ត្រីករ​ភាគច្រើន យក​ឧបករណ៍​តន្ត្រី​ផ្សេង​ៗ​ដូច​ជា ឃឹម ឬ​តាខេ ជាដើម​ជំនួស​វិញ (​នេះ​ប្រហែលជា​មក​ពី​ឧបករណ៍​ចា​ប៉ី​ដង​វែង ឬ​សាដៀវ​ខ្សែ​មួយ​ពិបាក​រៀន ? ឬ​ក៏​ដោយ​ប្រការ​ណា​ផ្សេង?) ។

ម្យ៉ាងទៀត ចំណែក​ខាង​ចម្រៀង​សាដៀវ ឬ​ចម្រៀង​ខ្សែ​មួយ​នេះ​វិញ ក្រុម​អ្នក​ស្រាវជ្រាវ​អាច​ជួប​ដោយ​កម្រ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​… ហើយ​បើ​បានឃើញ​ម្ដងម្កាល​នោះ​សង្កេត​ឃើញ​ថា ច្រើន​មាន​អ្នកចម្រៀង​ដោយឡែក និង​អ្នក​ដេញ​ឧបករណ៍​ខ្សែ​មួយ ឬ​សាដៀវ​កំដរ ឬ​ជូន​ចម្រៀង​នោះ​ដោយឡែក​ទៀត​ផង ។ ពោល​គឺ​មិន​ដូច​ចម្រៀង​ចា​ប៉ី​រឿង ឬ​ចា​ប៉ី​ឆ្លង​ឆ្លើយ​ទេ​ដែល​រហូត​មក​ដល់​ពេល​នេះ​សង្កេត​ឃើញ​មាន​សិល្បករ​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស ហើយ​ការ​សម្ដែង​ជូន​ប្រជាជន មហាជន​ទាំង​នៅ​រាជធានី​ភ្នំពេញ តាម​ខេត្ត ក្រុង​នានា​ក៏​ដូច​ជា​ការ​ផ្សាយ​តាម​បណ្ដាញ​ទូរទស្សន៍​ជា​ច្រើន​ខ្សែ និង​ចេញ​ទៅ​សម្ដែង​នៅ​បរទេស ដូច​ជា​នៅ​ប្រទេស​បារាំង​…​ឃើញ​ថា មាន​ចំនួន​ច្រើន ព្រម​ដោយ​គុណភាព​ភាព​ជំនាញ​គួរ​ជាទី​មោ​ទ​នៈ​ក្រៃ​លែង ៕

 

Comments

comments