ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៩០,៦៣គម ទទឹង២៤ម​ សាងសង់ដោយក្រុមហ៊ុនចិនជាទម្រង់ BOT

4


នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នាវិមានសន្តិភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាមួយសមភាគីចិន តំណាងដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។ ពិធីចុះហត្ថលេខាខាងលើត្រូវបានប្រព្រឹត្តិធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវសាងសង់ដោយវិនិយោគិនចិន តាមរូបភាពវិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ជាផ្លូវ ០៤គន្លង មានប្រវែងសរុប ១៩០,៦៣គីឡូម៉ែត្រ ចេញពីភ្នំពេញ រហូតដល់ខេត្តព្រះសីហនុ ជាផ្លូវថ្មីទាំងស្រុង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។

ក្រោយសាងសង់រួច ផ្លូវល្បឿនលឿននេះនឹងជួយសម្រួលដល់ការធ្វើដំណើរទៅមក
រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ក្នុងរយៈពេលខ្លី កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការកកស្ទៈ សម្រួលដល់ការដឹកជញ្ជូនទំនិញ ធ្វើឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនកាន់តែប្រសើរ។ លើសពីនេះទៀត ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានផលចំណេញដែលមិនអាចកាត់ថ្លៃបាន ពីការអភិវឌ្ឍន៍ច្រករបៀងភ្នំពេញ-ខេត្តព្រះសីហនុ៕

Comments

comments