ប្រតិភូ​ក្រសួង​សន្តិសុខ​​សាធារណៈ​ចិន​ មក​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ​ និង​ជួប​ពិភាក្សា​ការងារ​ ជាមួយ​គណៈ​ស្នងការ​​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​

51

(ព្រះ​សី​ហនុ)៖ នៅរសៀល​ថ្ងៃទី​៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ នេះ​ គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ ដឹក​នាំ​ដោយ​ លោក​ Hu​ Bin​chen​ អគ្គ​នាយក​រង​ នៃ​អគ្គ​នាយកដ្ឋាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ អន្តរជាតិ​ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​ ព្រម​ទាំង​ចូល​ជួប​ពិភាក្សា​ការងារ​ ជាមួយ​ថ្នាក់​ដឹកនាំ​ នៃ​គណៈ​ស្នងការ​នគរបាល​ខេត្ត​ ដឹកនាំ​ដោយលោកឧត្តមសេនីយ៍​ទោ​ ជួន​ ​ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ព្រះសីហនុ ។ កិច្ច​ពិភាក្សា​បាន​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ លើការងារសំខាន់​ៗ​ មួយចំនួន​ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយគ្នា និង​បង្កើនការយោគយល់ ផ្លាស់ប្ដូរ​ព័ត៌មាន​ រវាង​នគរបាល​ខេត្ត​ជាំង​ស៊ូ​ និង​នគរបាលខេត្ត​ព្រះសីហនុ​ ។

ក្នុង​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ភ្ញៀវ​ លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត បាន​សំដែង​នូវ​ការ​ស្វាគមន៍​ ដោយ​រីករាយ​ ព្រម​ទាំង​រាយការណ៍​ជូន​គណៈ​ប្រតិភូ​ អំពី​សភាពការណ៍​ សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ទូ​ទៅ​ ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ភាព​ល្អ​ប្រសើរ​ មិន​មាន​អ្វី​កើត​ឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ឡើយ​។
បញ្ហា​ជនជាតិ​ចិន​មក​វិនិយោគ​ប្រក​ប​របរ​រកស៊ី​ និង​ធ្វើទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​ លោក​ស្នងការ​បាន​ជំរាប​ជូន​គណប្រតិភូ​ថា​៖ ថ្នាក់​ដឹកនាំ​ នៃ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ក៏ដូចជា​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាល​ រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ មិន​ឲ្យ​មាន​ការ​រើស​អើង ប្រកាន់​ពូជសាសន៍​ ពណ៌​សម្បុរ​​ឡើយ​ ជន​ណា​ប្រព្រឹត្តខុស​ច្បាប់​ ត្រូវ​ទទួល​ទោស​តាម​ច្បាប់​ដូច​ៗ​គ្នា​។

លោក Hu​ Bin​chen​ ប្រធាន​គណប្រតិភូ​ បាន​មាន​ប្រសាសន៍​ កោតសរសើរ​ចំពោះ​ការ​រីក​ចម្រើន​របស់​ខេត្ត​ព្រះសីហនុ​ និង​កោត​សរសើរ​ ចំពោះ​កិច្ចខិតខំប្រឹងប្រែង​របស់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ក្នុង​ការ​ការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​ កន្លង​មក​បាន​ល្អ​ប្រសើរ​។

លោក ​Hu​ Binchen សូម​អញ្ជើញ​ថ្នាក់​ដឹកនាំ​នគរបាល​ខេត្ត​ព្រះសីហនុ ទៅ​ធ្វើទស្សនកិច្ច​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ ប្រទេស​ចិន​ នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ​ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និង​ បង្កើនការយោគយល់ ផ្លាស់ប្ដូរ​​ចែក​រំលែក​បទ​ពិសោធន៍​ ក្នុង​វិស័យ​ព័ត៌មាន​វិទ្យា​ ៕

Comments

comments