ខ្មាស់គេណាស់!!! មានឡានថ្លៃជិះហើយមកចតអនាធិបតេយ្យត្រូវរដ្ឋបាលក្រុងព្រះសីហនុចាប់ទុក១០ថ្ងៃទើបសងវិញប៉ុន្តែត្រូវចុះរៀបចំសណ្តាប់ធ្នាប់មួយថ្ងៃដោយមិនពិន័យប្រាក់ឡើយ

132

(ព្រះសីហនុ)៖ យានយន្តចតអនាធិបតេយ្យមុខផ្សារលើកណ្តាលក្រុងព្រះសីហនុចំនួន២៥គ្រឿង ត្រូវបានរដ្ឋបាលក្រុងព្រះសីហនុសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ចុះចាប់យកមករក្សាទុកនៅសាលាក្រុង ចំនួន ១០ថ្ងៃ ទើបប្រគល់ឲ្យម្ចាស់វិញ ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងអោយដឹងថា ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលក្រុងព្រះសីហនុ បានសហការគ្រប់ភាគីពាក់ព័ន្ធចុះចាប់យានយន្តចតអនាធិបតេយ្យមុខផ្សារលើបានចំនួន ២៥គ្រឿងរួមមាន៖ ១/ ឡានប្រភេទធន់ធ្ងន់ ១គ្រឿង ។ ២/ ឡានប្រភេទទេសចរណ៍ ១៨គ្រឿង ។ ៣/ ម៉ូតូកង់បី ៣គ្រឿង ។ ៤/ ម៉ូតូ ៣គ្រឿង ។

លោកអភិបាលក្រុងបានបន្តថា ជាវិធានការ បានយកយានយន្តទាំង ២៥គ្រឿង យកមករក្សាទុកនៅសាលាក្រុង ចំនួន ១០ថ្ងៃ ទើបប្រគល់ឲ្យម្ចាស់វិញ ។ គម្រប់ ១០ថ្ងៃ ម្ចាស់យានយន្តត្រូវចុះរៀបចំសណ្តាប់ធ្នាប់ជាមួយក្រុមការងារមួយថ្ងៃសិន ទើបប្រគល់យានយន្តទៅម្ចាស់វិញ ហើយមិនពិន័យជាប្រាក់ឡើយ ។

ជាមួយគ្នានេះលោកអភិបាលក្រុងបានបង្ហាញផែនការថា រដ្ឋបាលក្រុង និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធចុះរៀបចំសណ្តាប់ធ្នាប់ដូចភ្លៀងរលឹមបន្តទៀតផងដែរ ។

នេះជាសារមួយផ្តល់ជូនអ្នកមានយានយន្តបើកបរទាំងឡាយនៅពេលមកដល់ផ្សារលើក្រុងព្រះសីហនុសូមមេត្តាកុំចតផ្តេសផ្តាស ធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅក្រុងព្រះសីហនុ ដើម្បីជៀសវាងការចាប់យកទៅរក្សាទុកដោយក្រុមការងាររបស់សាលាក្រុងព្រះសីហនុ ។

ជុំវិញវិធានការក្តៅរបស់ក្រុមការងាររដ្ឋបាលក្រុងព្រះសីហនុប្រជាពលរដ្ឋ មន្រ្តីរាជការ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសំដែងការគាំទ្ររ និងពេញចិត្តយ៉ាងខ្លាំង និងបានស្នើសកម្មភាពនេះអនុវត្តជាបន្តទៀតរហូតដល់ម្ចាស់យានយន្តទាំងឡាយចូលរួមគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជាយើង ៕

 

Comments

comments