កំណាត់ផ្លូវក្រាលគ្រួសក្រហមដ៏សំខាន់ភ្ជាប់ពីផ្លូវជាតិលេខ៤ចូលមកកណ្តាលក្រុងព្រះសីហនុនឹងត្រូវចាក់បេតុងវិញដើម្បីសំរួលការធ្វើចរាចរណ៍អោយប្រសើរឡើង

59

(ព្រះសីហនុ)៖ កំណាត់ផ្លូវក្រាលគ្រួសក្រហមដ៏សំខាន់ភ្ជាប់ពីផ្លូវជាតិលេខ៤ចូលមកកណ្តាលក្រុងព្រះសីហនុនឹងត្រូវចាក់បេតុងវិញដើម្បីសំរួលការធ្វើចរាចរណ៍អោយប្រសើរឡើងរបស់អ្នកធ្វើដំណើរទាំងឡាយដែលមានបំណងចូលមកក្រុងព្រះសីហនុដោយបានកាត់បន្ថយពេលវេលា និងងាយស្រួលកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។

លោក​ ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោកយន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ ព្រមទាំងមន្ត្រីជំនាញ​ រួមទាំងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃអង្គារទី១១​ ខែកញ្ញា​ ឆ្នាំ២០១៨ បានចុះពិនិត្យមើលស្ថានភាពផ្លូវដីក្រហមមួយខ្សែរបែកពីផ្លូវជាតិលេខ៤ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ ភ្ជាប់ផ្លូវមិត្តភាព មុខសាលាក្រុងព្រះសីហនុ ដោយគ្រោងប្រែក្លាយផ្លូវដីក្រហមមួយខ្សែនេះអោយទៅជាផ្លូវបេតុងក្នុងពេលដ៏ឆាប់ខាងមុខនេះ ដែលជាជំនួយសប្បុរសជនគ្រោងចំណាយ ប្រមាណជិតកន្លះលានដុល្លារអាមេរិច ។

លោក យន្ត មីន មានប្រសាសន៍ថា ឆ្លើយតបចំពោះស្ថានភាពចរាចរណ៍នៅខេត្តព្រះសីហនុមានភាពមមាញឹកខ្លាំង ដោយសារលទ្ធផលនៃការអភិវឌ្ឍរយៈពេលពីរឆ្នាំចុងក្រោយនេះ និងកំណើនយានយន្ត បានកើនឡើងខ្លាំងស្ទើរមិននឹកស្មានដល់ រដ្ឋបាលខេត្ត​ត្រូវតែគិតគូជាចាំបាច់ក្នុងការកែលម្អផ្លូវអោយបានប្រសើរដើម្បីសម្រួលចរាចរអោយបានកាន់តែប្រសើរថែមទៀត។

លោក យន្ត មីន និងលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានចូលរួមជារមួយរដ្ឋបាលខេត្តក្នុងកាស្ថាបនាផ្លូវជូនពលរដ្ឋបានប្រើប្រាស់។

លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការ​ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានអោយដឹងថាផ្លូវនេះមានលេខ៨២៣ បែកចេញពីផ្លូវជាតលេខ៤ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ឃ្លាំងលើស្ថិតក្នុងសង្កាត់លេខ១​ ភ្ជាប់មកផ្លូវមិត្តភាព​ មុខសាលាក្រុងព្រះសីហនុ មានប្រវែង​ ១,៧២៥ម ។​ ផ្លូវនេះគ្រោងនឹងចាក់ថែមប្រវែង​ ១,៤១៤ម ទទឹង​ ៨,២ម កំរាស់២តឹក ប្រើឆ្អឹងដែក១២ លី ពីរជាន់​ ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ​ ៤០ម៉ឺន​ ដុល្លារអាមេរិច ជាអំណោយរបស់លោក គុយ ណាត ៕

 

Comments

comments