អ្នកចាក់ដីលប់ឆ្នេរព្រែកត្រែងនៅខេត្តព្រះសីហនុត្រៀមខ្លួនអោយហើយទៅ​គណៈកម្មការគ្រប់គ្រងឆ្នេរកម្ពុជា កំពុងពិនិត្យ និងចាត់វិធានការហើយ

260

(ភ្នំពេញ)៖ ករណីអ្នកចាក់ដីលប់ឆ្នេរព្រែកត្រែងនៅខេត្តព្រះសីហនុបង្កអោយមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋពេញបណ្តាញសង្គម Facebook ត្រូវបានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា គណៈកម្មការគ្រប់គ្រងឆ្នេរ ដែលមានលោកឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ជាប្រធាន កំពុងតែពិនិត្យ និងចាត់វិធានការហើយ​ ចំពោះក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុនោះ ។

លោករដ្ឋមន្ដ្រី ថោង ខុន បានថ្លែងបន្តទៀតថា ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍នៅតំបន់ឆ្នេរព្រែកត្រែង កំពុងតែបំពានច្បាប់ស្ដីពីការគ្រប់គ្រងឆ្នេរ ដែលចេញដោយរាជរដ្ឋាភិបាល និងគណៈកម្មការគ្រប់គ្រងឆ្នេរ ដោយអនុញ្ញាតឲ្យរាល់គម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរ ត្រូវមានចម្ងាយយ៉ាងហោចណាស់១០០ម៉ែត្រ ឬឆ្ងាយជាងនេះ​។

លោករដ្ឋមន្ដ្រី​ បានសង្កត់ធ្ងន់ថា គណៈកម្មការគ្រប់គ្រងឆ្នេរ កំពុងតែពិនិត្យអំពីទិដ្ឋភាពច្បាប់ជុំវិញករណីនេះ ហើយអាចឈានទៅកំណត់ឲ្យក្រុមហ៊ុនខាងលើ កាយដីចេញពីតំបន់ដែលបានចាក់លុប ឬអនុវត្តវិធានការច្បាប់ជាបន្ដបន្ទាប់ ព្រោះរាជរដ្ឋាភិបាលមិនបណ្ដោយឲ្យក្រុមហ៊ុននោះ បំផ្លាញឆ្នេរដ៏ស្រស់ស្អាត និងកំពុងទាក់ទាញភ្ញៀវទេសចរនោះទេ។

អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងឆ្នេរ លោក ថោង ខុន ក៏បានឲ្យដឹងដែរថា តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសស្ថិតក្នុងគម្រោងធនាគារ អភិវឌ្ឍន៍អាស៊ី ADB កំពុងតែរៀបចំធ្វើផ្លូវនៅតាមតំបន់ឆ្នេរបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ដ ពីសំណាក់ភ្ញៀវទេសចរផងដែរ។​

លោក​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ប្រាប់ Kamnottra ថា ក្រុមហ៊ុនគេមានច្បាប់កែលំអឆ្នេរ ។

ទោះបីលោកអភិបាលខេត្តមិនបានបញ្ជាក់ប្រាប់ឈ្មោះម្ចាស់ក្រុមហ៊ុនក្តី ក៏ប៉ុន្តែតាមព័ត៌មានដែលទទួលបានផ្សេងទៀត បានឲ្យដឹងថា ក្រុមហ៊ុនដែលបានចាក់ដីលុបឆ្នេរព្រែកត្រែង នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនរបស់ លោកស្រីឧកញ៉ា ជឹង សុភាព ហៅយាយភូ ។​

ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជានឹងជាសមាជិកក្លឹបឆ្នេរដ៏ស្រស់ស្អាតជាងគេបំផុតក្នុងពិភពលោកបានក្លាយជាកន្លែងស្រូបទាញភ្ញៀវទេសចរដ៍មានសក្តានុពលនាពេលបច្ចុប្បន្ននេះ ។ របាយការណ៍របស់ក្រសួងទេសចរណ៍ក្នុងឆ្នាំ២០១៧ បានអោយដឹងថា តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើន​១៥% ។ ហើយរយៈពេល៤ខែ ដើមឆ្នាំ២០១៨នេះ តំបន់ឆ្នេរសមុទ្រកម្ពុជាទទួលបានភ្ញៀវទេសចរចំនួន ២.៣៨៥.៧៥៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២.០៥២.៣១៧នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួប ៣៣៣.៤៣៦នាក់ កើនឡើង ១៦,៣៧% បើធៀបទៅនឹងឆ្នាំកន្លងទៅ ។

តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ក៏បានអោយដឹងទៀតថា តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានទេសចរអន្តរជាតិប្រមាណ ៣លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៨លាននាក់ ។

ដោយមើលឃើញពីសក្តានុពលនេះ​ លោក​ ថោង​ ខុន​ អំពាវនាវដល់អាជ្ញាធរខេត្តព្រះសីហនុ មានចំណាត់ការឲ្យបានតឹងរឹងក្នុងការថែរក្សាឆ្នេរសមុទ្រនេះ​ កុំឲ្យមានការសាងសង់រំលោភ​ និងទន្ទ្រានផ្សេងៗ ។

សូមបញ្ជាក់ថា កាលពីពេលកន្លងទៅសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាអោយលោករដ្ឋមន្រ្តីចំនួន២ក្រសួង គឺលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការគ្រប់គ្រងតំបន់ឆ្នេរ និងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ពិនិត្យជាបន្ទាន់ករណីបូមខ្សាច់ចាក់ចូលព្រៃកោងកាង ដើម្បីបង្កើតជាទីក្រុងរបស់លោកឧកញ៉ាម្នាក់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។  ដោយឡែកករណីនៅខេត្តព្រះសីហនុនេះប្រជាពលរដ្ឋក៏កំពុងរង់ចាំមើលយ៉ាងអន្ទះសារពីចំណាត់ការរបស់មន្រ្តីដែលពាក់ព័ន្ធផងដែរ ៕

Comments

comments