ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិស្នើសមត្ថកិច្ចជួយរំដោះផ្លូវ២ខ្សែរមុខផ្សារលើកណ្តាលក្រុងព្រះសីហនុដែលជាច្រករំដោះការស្ទះចរាចរណ៍យ៉ាងសំខាន់

661

(ព្រះសីហនុ)៖ ប្រជាពលរដ្ឋខេត្តព្រះសីហនុ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមស្នើទៅសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយរំដោះផ្លូវចំនួន២ខ្សែរដែលនៅចំពីមុខផ្សារលើ កណ្តាលក្រុងព្រះសីហនុ គឺផ្លូវលេខ ២១១ និង២១៣ ដែលជាច្រកផ្លូវយ៉ាងសំខាន់បំផុតក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍មុខផ្សារម្តងៗ ខណៈពេលបច្ចុប្បន្ននៅទីតាំងផ្សារលើនេះមានការកកស្ទះចរាចរណ៍ខ្លាំងណាស់ ។​

ប្រជាពលរដ្ឋខេត្តព្រះសីហនុ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានថ្លែងថា ទីតាំងផ្លូវទាំងពីរខ្សែរខាងលើនេះបច្ចុប្បន្នត្រូវបានម្ចាស់ដេប៉ូលក់ឈើរ និងគ្រឿងសំណង់គ្រប់ប្រភេទ ដាក់តាំងលក់យ៉ាងអនាធិបតេយ្យ ព្រមទាំងការចតយានយន្តរបស់ខ្លួនក្នុងការទំលាក់ឈើ ឬគ្រឿងសំណង់ទាំងថ្ងៃ ធ្វើអោយរំខានការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្លាំងណាស់ ដែលជាហេតុធ្វើអោយពួកគាត់មានការខាតបង់ពេលវេលា និងប្រេងឥន្ធនៈជាដើម ។ ​

ផ្តើមចេញពីបញ្ហានេះម្ចាស់ដេប៉ូលក់គ្រឿងសំណង់ខ្លះក៏បានអោយដឹងថា ការដែលខ្លួនអាចដាក់លក់យ៉ាងអនាធិបតេយ្យបានយ៉ាងដូច្នេះក៏ព្រោះតែគាត់បានដាក់ខែជាមួយសមត្ថកិច្ចពាក់ព័ន្ធរួចអស់ទៅហើយ ទើបមិនមាននរណាមកហាមឃាត់រូបគាត់ ។​

ទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋខេត្តព្រះសីហនុ ភ្ញៀវទេសចរជាតិ និងអន្តរជាតិរំពឹងថា សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនឹងប្រើកណ្តាប់ដៃដែករបស់ខ្លួនក្នុងការរំដោះផ្លូវនេះបានជាមិនខាន ៕

Comments

comments