ទីតាំងលក់គ្រឿងសមុទ្រ និងផ្លែឈើអត់សណ្តាប់ធ្នាប់នៅទីប្រជុំជនផ្សារវាលរេញ ត្រូវបានរដ្ឋបាលស្រុកព្រៃនប់រៀបចំទៅកាន់ទីតាំងថ្មី

221

(ព្រះសីហនុ)៖ ទីតាំងលក់គ្រឿងសមុទ្រ និងផ្លែឈើអត់សណ្តាប់ធ្នាប់នៅទីប្រជុំជនផ្សារវាលរេញ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលកន្លងមក បងប្អូនអាជីវករ បានយកចិញ្ចើមផ្លូវជាតិលេខ៤ ធ្វើជាទីតាំងលក់ដូររបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់អនាម័យ បរិស្ថានទីសាធាណៈ (សំរាម, ភាពកខ្វក់, ការជន់លិច) ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ការកកស្ទះចរាចរ អនាធិបតេយ្យតាមដងផ្លូវ និងធ្វើឲ្យបាត់បង់សោភ័ណភាពទីប្រជុំជន ហើយក៏បានធ្វើអោយមានការរិះគន់ខ្លាំងៗផងដែរ ពីសំណាក់អ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិដ៏សំខាន់ និងមមាញឹកមួយនេះ ត្រូវបានរដ្ឋបាលស្រុកបានសំរេចរៀបចំទីតាំងថ្មីសមរម្យជូនបងប្អូនអាជីករហើយនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយស្ថិតនៅក្នុងបរិវេណចំណតរថយន្តតាក់ស៊ី ក្បែររង្វង់មូលវាលរេញ ជាប់របងសាលាស្រុកព្រៃនប់ (ទីប្រសព្វផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤) ដើម្បីកាត់បន្ថយនូវភាពអសកម្មទាំងនេះឲ្យបានជាអតិបរមា  ។

ក្នុងស្មារតីប្រកបដោយវិចារណញ្ញាណ បងប្អូនអាជីករមួយចំនួនបានស្ម័គ្រចិត្តទៅលក់ដូរនៅទីតាំងថ្មីដែលរដ្ឋបាលស្រុកបានរៀបចំ ទោះបីជាការចាប់ផ្តើមលក់មិនសូវដាច់ ដោយសារបងប្អូនប្រជាពលរដ្ឋពុំទាន់បានស្គាល់ទីតាំងថ្មីក៏ដោយ ។

ដើម្បីជាការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនអាជីករដែលបានចូលរួមសហការជាមួយរដ្ឋបាលស្រុក លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ ក៏បានសំនូមពរដល់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ជិតឆ្ងាយ ដែលមានបំណងជាវគ្រឿងសមុទ្រ-ផ្លែឈើ អញ្ជើញទៅរកជាវនៅទីតាំងដូចបានជម្រាបខាងលើជូនកុំបីខាន ។

តាមរយៈសកម្មភាពនេះគឺបង្ហាញពីភាពជោគជ័យថ្មីមួយទៀតរបស់រដ្ឋបាលស្រុកព្រៃនប់ ដែលកន្លងមកមិនមានថ្នាក់ដឹកនាំស្រុកណាខ្វាយខ្វល់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។

ស្តែងចេញពីសកម្មភាពនេះប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកព្រៃនប់បានសំដែងនូវការសាទរ និងគាំទ្ររពេញទំហឹងចំពោះថ្នាក់ដឹកនាំស្រុកវ័យក្មេងគឺលោក សរ កក្កដា ជាអភិបាលស្រុក ដែលមានភាពប៉ិនប្រសព្វឆ្លាតវាងវៃក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ជាមួយនិងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដើម្បីធ្វើអោយជីវភាពមានការប្រសើរឡើងផងដែរ ៕

 

Comments

comments