អាកាសធាតុខេត្តព្រះសីហនុវិលមកល្អប្រសើរឡើងវិញក្នុងពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិធ្វើដំណើរកំសាន្តទៅលេងកោះនានាក្នុងសមុទ្រ

337

(ព្រះសីហនុ) ៖ អាកាសធាតុខេត្តព្រះសីហនុវិលមកល្អប្រសើរឡើងវិញក្នុងពិធីបុណ្យកាន់បិណ្ឌឆ្នាំនេះបានបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកំសាន្តទៅលេងកោះនានាក្នុងសមុទ្រ ។

លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុថ្លែងថា អាជីវកម្មទូកដឹកទេសចរណ៍ទៅលេងកោះនឹងបានប្រសើរឡើងវិញ បន្ទាប់ពីធាតុអាកាសល្អបន្តិច មិនសូវមានភ្លៀងនិងខ្យល់ រំខានដូចរយៈពេលប៉ុន្មានខែមុននេះ ដែលខេត្តព្រះសីហនុសំបូរភ្លៀងនិងខ្យល់ខ្លាំង។

បើតាមលោកឧកញ៉ាបញ្ជាក់ថា ប្រសិនបើធាតុអាកាសល្អបន្តទៀត ក្នុងរដូវបុណ្យកាន់បិណ្ឌពិសេសថ្ងៃសំរាកបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បណ្តាក្រុមហ៊ុននិងម្ចាស់អាជីវកម្មទេសចរណ៍តាមកោះ មានការរំពឹងទុកថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ និងធ្វើដំណើរទៅលេងកំសាន្តច្រើនតាមកោះក្នុងសមុទ្រខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រក៍បានបង្ហាញផងដែរអំពីគម្រោងអភិវឌ្ឍន៍ថ្មីៗនៅរមណីយដ្ឋានម៉ាហ៊្វីយ៉ារីសត (ឆ្នេរឋានសួគ៍កោះរ៉ុង) ដើម្បីបំរើការសម្រាកកំសាន្តរបស់ភ្ញៀវទេសចរណ៍ ដូចជាកន្លែងស្នាក់នៅ អាហារដ្ឋាន កន្លែងកំសាន្តទាំងនៅឆ្នេរខ្សាច់នៅផ្នែកខាងមុខ និងដងព្រែកធម្មជាតិនៅផ្នែកខាងក្រោយ និងថាអ្នកទេសចរណ៍អាចធ្វើដំណើរតាមអូប័រល្បឿនលឿនបំពាក់ដោយឧបករណ៍សុវត្ថិភាព និងអ្នកបើកបរប្រកបដោយបទពិសោធន៍យូរឆ្នាំ ពីក្រុងព្រះសីហនុទៅកាន់រមណីយដ្ឋាន ធម្មជាតិលើដីកោះនេះដោយរីករាយជារៀងរាល់ថ្ងៃ៕

Comments

comments