ក្រសួងដែនដីចេញលិខិតអោយអភិបាលខេត្តបញ្ឈប់ការចេញលិខិតអនុញ្ញាតជាគោលការណ៍អោយសាងសង់ប្រជាពលរដ្ឋសុំស្នើអោយក្រសួងជួយពន្លឿនចេញលិខិតសាងសង់វិញដែរ

362

(ព្រះសីហនុ)៖ ក្រោយពេលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញលិខិតជម្រាបមកលោកអភិបាលខេត្តព្រះសីហនុ អោយបញ្ឈប់ការចេញលិខិតអនុញ្ញាតជាគោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច ដែលក្រសួងយល់ថា បណ្តាលឲ្យកើតមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណ្ឌភាព និងគុណភាពសំណង់ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ម្សិលម៉ិញនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម Facebook ខ្លះអោយយោបល់គាំទ្ររ និងចំណាត់ការនេះ ក៏ប៉ុន្តែក៏មានអ្នកខ្លះមិនគាំទ្ររផងដែរ ។

ក្រុមប្រជាពលរដ្ឋ វិនិយោគិន ពាណិជ្ជករ ជាតិ និងអន្តរជាតិ សភាពាណិជ្ជកម្មខេត្ត អ្នកគ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ រួមនិងម្ចាស់ដីខ្លះយល់ថា ការចេញលិខិតរបស់លោកអភិបាលខេត្តគឺគ្រាន់តែជួយសម្រួលដល់ពេលវេលាសាងសង់របស់ម្ចាស់សំណង់ទាំងនោះតែប៉ុណ្ណោះ ត្បិតអីទំរាំបានលិខិតអនុញ្ញាតសាងសង់ធ្លាក់ពីក្រសួងមកយូរណាស់ ដែលអាចធ្វើអោយបំណុលនៅធនាគារមានការកើនឡើងទៅវីញទេ ទំរាំសំណង់របស់ពួកគាត់រួចរាល់ហើយអាចធ្វើអាជីវកម្មបាន ។

ក្រុមនេះក៏បានលើកជាឧទាហរណ៍ថា គ្រាន់តែការផ្ទេរអចលនទ្រព្យ នៅមន្ទីរដែនដីខេត្ត រួមនិងសាខាពន្ធដារមានការលំបាកដែលប្រើពេលវេលាដល់ទៅរាប់ខែទៅហើយ ចុះទំរាំលិខិតសាងសង់ដែលត្រូវចុះហត្ថលេខាពី មេឃុំ ចៅសង្កាត់ អភិបាលស្រុក ក្រុង ភូមិបាលស្រុក ក្រុង មន្ទីរដែនដី រួចចុងក្រោយអភិបាលខេត្ត បញ្ជូនទៅដល់ក្រសួង ទំរាំក្រសួងពិនិត្យពីក្រោមដល់រដ្ឋមន្ត្រីតើត្រូវប្រើពេលយូរប៉ុណ្ណាទៅ? ក្រុមនេះក៏បានបន្ថែមថា ក្នុងលិខិតអនុញ្ញាតជាគោលការណ៍របស់លោកអភិបាលខេត្ត ត្រូវបានដាក់លក្ខខណ្ឌកំណត់យ៉ាងតឹងរ៉ឹង និងច្បាស់លាស់បំផុត ដូច្នេះបើម្ចាស់សំណង់ល្មើសច្បាប់ត្រូវទទួលខុសត្រូវតាមច្បាប់ ។

ផ្តើមចេញពីបញ្ហានេះក្រុមប្រជាពលរដ្ឋសុំស្នើទៅក្រសួងអោយជួយពន្លឿនការចេញលិខិតអនុញ្ញាតអោយសាងសង់អោយបានលឿនទៅវិញល្អជាង ។ ចំណែកឯការផ្ទេរអចលនទ្រព្យនៅមន្ទីរដែនដីខេត្តក៏ត្រូវបានប្រជាពលរដ្ឋនៅខេត្តព្រះសីហនុសុំស្នើធ្វើអោយបានលឿនដូចគ្នាផងដែរ ។

ជុំវិញបញ្ហានេះមន្ត្រីនៅមន្ទីរដែនដីខេត្តព្រះសីហនុថ្លែងថា ការយឺតយ៉ាវពិតជាមានមែន ព្រោះមួយរយៈពេលចុងក្រោយនេះការផ្ទេរវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានការកើនឡើងច្រើនលើសលប់ ចំណែកចំនួនមន្ត្រីនៅដដែល ដែលពេលខ្លះមន្ត្រីធ្វើការដល់ម៉ោង១២ថ្ងៃត្រង់ក៏មាន ហើយពេលល្ងាចខ្លះដល់ម៉ោង៧ទៅ៨យប់ក៏មាន ហើយជាពិសេសទៀតនោះ មន្ត្រីខ្លះឆ្លៀតពេលមកធ្វើការនៅថ្ងៃឈប់សំរាកទៀតផង ។ មន្ត្រីដដែលក៏បានអោយដឹងដែរថា មន្ទីរក៏បានស្នើទៅក្រសួងសុំបន្ថែមមន្ត្រីដែរដើម្បីជួយពន្លឿនការងារអស់ទាំងនេះ ៕

Comments

comments