សម្តេចតេជោ ហ៊ុន សែន ស្នើអោយបញ្ឈប់ការសិក្សាបង្កើតខេត្តថ្មី២ គ្រោងបំបែកពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី ដោយសារតែមានអ្នកព្យាយាមរត់ការយកតំណែងគ្រប់គ្រងខេត្តថ្មីពីរនេះ

241

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ឈប់មិនឲ្យសិក្សាលើគម្រោងបង្កើតខេត្តថ្មី២ គ្រោងកាត់ចេញពីខេត្តកណ្តាល និងខេត្តមណ្ឌលគិរី-រតនគិរី ។

ការសម្រេចរបស់នាយករដ្ឋមន្ត្រីរូវនេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរទិវា “គ្រូបង្រៀន ៥ តុលា”  នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ នៅវិទ្យាស្ថានជាតិអប់រំ ។

បើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ការសម្រេចលុបចោលគម្រោងសិក្សាបង្កើតខេត្តថ្មីនេះ ដោយសារតែព័ត៌មានស្តីពីគម្រោងនេះត្រូវបានបែកធ្លាយយ៉ាងខ្ចរខ្ចាយ ជាពិសេសមានអ្នកព្យាយាមរត់ការយកតំណែងគ្រប់គ្រងខេត្តថ្មីទាំងពីរនេះ ។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ «ឯងមិនទាន់ទាំងធ្វើអ្វីផង មិនទាន់ទាំងសម្រេចបង្កើត ឬមិនបង្កើតផង វាចែកគ្នាធ្វើចៅហ្វាយខេត្ត ធ្វើអនុខេត្តទៅហើយ។ […] ឥឡូវឈប់នៅឲ្យស្ងៀមបានហើយ មហាផ្ទៃបិទកុំព្យូទ័រចោលឲ្យអស់ថ្ងៃនេះ កុំធ្វើអ្វីបន្តទៅទៀត ខ្ញុំគ្មានពេលស៊ីញ៉េ គ្មានពេលអីទៀតទេ»

ភ្លាមៗបន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ប្រកាសលុបចោលការសិក្សាបង្កើតថ្មីនេះហើយ ទីស្តីការគណៈរដ្ឋមន្ត្រីក៏បានចេញសេចក្តីជូនដំណឹងមួយទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ពីការបញ្ឈប់គម្រោងសិក្សាបង្កើតថ្មីនេះផងដែរ។

សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង កាលពីខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ បានសរសេរសំណើមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំបង្កើតថ្មីចំនួនពីរទៀត ដោយខេត្តមួយបំបែកចេញពីខេត្តកណ្តាល និងខេត្តមួយទៀត បំបែកចេញពីខេត្តមណ្ឌលគិរី និងរតនគិរី។

បើតាមការបញ្ជាក់នៅក្នុងសំណើនោះការបង្កើតខេត្តថ្មីពីរនេះ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល ការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ការជំរុញអភិវឌ្ឍន៍នៅមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។

ជាមួយនឹងការប្រកាសលុបចោលគម្រោងសិក្សាបង្កើតខេត្តនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានហាមកុំឲ្យយកលេសបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ ដើម្បីសុំបង្កើតខេត្តនេះបន្តទៅទៀត។ សម្តេចលើកឡើងថា បច្ចុប្បន្នមានបច្ចេកវិទ្យាទំនើប ឲ្យតែមានឆន្ទៈការផ្តល់សេវាជូនប្រជាពលរដ្ឋមិនចោទជាបញ្ហានោះឡើយ៕

 

Comments

comments