នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបារជាតិផ្តល់ម៉ូតូប្រដេញ៣គ្រឿងដល់នគរបាលខេត្តព្រះសីហនុទុកសំរាប់ការពារសន្តិសុខ

132

(ព្រះសីហនុ)៖ ម៉ូតូប្រដេញចំនួនបីគ្រឿងជាអំណោយរបស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុប្រគល់ជូនមន្ត្រីនគរបាលប្រចាំការនៅ​ស្នាក់ការសន្តិសុខ (P១២) ស្ថិតនៅ​តំបន់​ឆ្នេរ​សមុទ្រ​អូរ​ត្រេះ​ចាស់ ក្នុង​សង្កាត់​លេខ​៤ ​ក្រុង​ព្រះសីហនុ​ ទុកសំរាប់ប្រើប្រាស់ក្នុងការបង្ក្រាបនូវបទល្មើសផ្សេងៗនាព្រឹក​ថ្ងៃ​ទី១៦ ខែ​តុលា ​ឆ្នាំ២០១៨នេះ​ខណៈពេលដែលលោកឧត្តមសេនីយ៍ស្នងការអញ្ជើញចូលរួម ពិធីប្រកាសប្រគល់​ភារកិច្ច​ និង​ ធ្វើពិធី​ប្រគល់​​ទទួល​ប៉ុស្តិ៍​ការពារ​សុវត្ថិភាព ។

បើតាមឧត្តមសេនីយ៍ស្នងការបានអោយដឹងថា ការបង្កើត​ប៉ុស្តិ៍​ការពារ​សុវត្ថិភាព​មួយនេះនឹងដាក់​កម្លាំង​នគរបាលចំនួន​ ១២​នាក់​ បែងចែក​​វេន​ប្រចាំការ​ ២៤​ម៉ោង​ លើ២៤ម៉ោង ដោយមានភារកិច្ច​ ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​អ្នក​វិនិយោគ​បរទេស​ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មាន​ប្រសាសន៍​ផ្តាំ​ផ្ញើ​ ឲ្យ​កងកម្លាំង​ទាំងអស់​​ត្រូវយក​ចិត្ត​ទុក​ដាក់​ បំពេញ​ការងារអោយបានល្អ  ហើយក៍បានថ្លែង​អំណរគុណ​ចំពោះ​ក្រុម​ហ៊ុន​ Golden Sun sky entertainment ដែល​បានជួយ​ឧបត្ថម្ភផ្តល់​ទីតាំង​ កន្លែង​ស្នាក់​នៅ​ និង​ជួយ​អាហារ​២​ពេល​ ដល់​កងកម្លាំង​ប្រចាំការ​រៀងរាល់​ថ្ងៃ​ផង​ដែរ ។

សូមបញ្ជាក់ថា ទីតាំងបង្កើតស្នាក់ការសន្តិសុខនេះគឺស្ថិតនៅជាយក្រុងព្រះសីហនុដែលមានចំងាយប្រហែលជិត៨គីឡូម៉ែត្រឯណោះ ពីទីប្រជុំជន និងសាលាសង្កាត់ ក៏ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ហើយមានព្រំប្រទល់ជាប់នឹងឃុំបិតត្រាំង ក្នុងស្រុកព្រៃនប់ ដែលមានចំងាយឆ្ងាយពីទីប្រជុំជន ហើយទីតាំងនេះគឺជាកន្លែងដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងនូវសំណង់សណ្ឋាគារលំដាប់ផ្កាយក្រោមទុនជាច្រើនរយលានដុល្លាផងដែរ ​៕

Comments

comments