លោក យន្ត មីន អភិបាលខេត្តព្រះសីហនុកោតសរសើរកាយរិទ្ធិកម្ពុជាខេត្តព្រះសីហនុថាបានចូលរួមការងារយ៉ាងច្រើនក្នុងសង្គម

293

(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ កោតសរសើរកាយរិទ្ធិកម្ពុជាខេត្តព្រះសីហនុ ថាបានចូលរួមការងារយ៉ាងច្រើនក្នុងសង្គម ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារកាយរិទ្ឋិកម្ពុជាខេត្តព្រះសីហនុប្រចាំឆ្នាំ២០១៧-២០១៨នៅសាលាខេត្តព្រះសីហនុ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ក្រុមកាយរឹទ្ធកម្ពុជាខេត្តព្រះសីហនុ ពិតជាបានរួមចំណែកកសាង និងអភិវឌ្ឍខេត្តមានការរីកចម្រើន ពិសេសបានជួយការងារស្ម័គ្រចិត្តក្នុងសង្គម ធ្វើការងារមិត្តអប់រំមិត្តនៅតាមសាលាគោលដៅ ពិសេសបានបណ្តុះបណ្តាលដល់សមាជិកកាយរិទ្ធិឱ្យមានក្រមសីលធម៍ គោរពវិន័យ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឬស្សីក្នុងការកសាង និងអភិវឌ្ឍប្រទេស ជាតិឲ្យមានការរីកចម្រើន ។
លោក យន្ត មីន បានផ្តាំផ្ញើដល់សិស្សកាយរិទ្ធិទាំងអស់ត្រូវខិតខំឧស្សាហ៍ព្យាយាមរៀនសូត្រ គោរពវិន័យក្លាយខ្លួនជាមនុស្សល្អ កូនល្អ និងពលរដ្ឋល្អ សំរាប់ជាធនធនដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមអោយរីកចម្រើន ។

លោក កែវ ឡាយ ប្រធានមន្ទីអប់រំយុវជន និងកីឡា នឹងជាស្នងការកាយរិទ្ធកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍ឲ្យដឹងថា៖ កាយរិទ្ធកម្ពុជាខេត្តព្រះសីហនុមាន ១៧កងឯកភាព នៅតាមសាលា រៀន ក្នុងក្រុង ស្រុកទាំង៣ និងមានសមាជិកសរុបចំនួន ៩៥៣នាក់ ស្រី ៥៧៤នាក់ ។
លោក កែវ ឡាយ មានប្រសាសន៍បន្តទៀតថា ក្រុមកាយរិទ្ធបានចូលរួមអនុវត្តការងារតាមសាលារៀន កាយរិទ្ធបានរៀបចំខ្លួន ចូលរួមសំអាតអនាម័យថ្នាក់រៀន បរិស្ថានថ្នាក់រៀន ធ្វើជាគំរូក្នុងការគោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ជួយការពារទ្រព្យសម្បត្តិសាលា និងទ្រព្យ សម្បត្តិតាមទីធ្លាសាធារណៈ ។

លោក បន្តថា ក្រុមកាយរិទ្ធិបានចូលរួមក្នុងការងារសង្គមដូចជាក្រុមស្ម័គ្រចិត្តភ្នាក់ងារមិត្តអប់រំមិត្តចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ផ្សេងៗក្នុងសង្គមដូចជា ផលប៉ះពាល់មេរោគអេដស៍និងជំងឺ អេដស៍ ការជួញដូរកុមារ និងស្ត្រីអំពើហិង្សាក្នុងគ្រួសារ ចូលរួមផ្សព្វផ្សាយ ផលប៉ះពាល់ នៃការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងការអប់រំបែបព្រះពុទ្ធសាសនា ចូលរួមធ្វើអនាម័យនៅតាមដងផ្លូវ តាមសួនច្បារ តាមតំបន់ឆ្នេរ និងចូលរួមដាំដើមឈើ ។
លោក បានអោយដឹងទៀតថា៖ ទិសដៅខាងមុខយើងនឹងបន្តផ្សព្វផ្សាយរាល់លិខិតបទដ្ឋាននានារបស់កាយរិទ្ធកម្ពុជា និងជម្រុញលើកទឹកចិត្ត ដល់ក្រុមកាយរិទ្ធក្នុងការ ចូលរួមដោយស្ម័គ្រចិត្តក្នុងការដឹកនាំ ធ្វើសកម្មភាពកាយរិទ្ធក្នុងអង្គភាព ពង្រឹងនាយកាយរិទ្ធិ នៅតាមកងឯកភាព និងចូលរួមការងារសង្គមនានាផងដែរ ៕

Comments

comments