រថយន្តដឹកអង្ករ២០តោនចុះពីលើស្ពានគីហ្សូណា ជាន់ហ្រ្វាំងមិនស៊ីបុករះរថយន្តដឹកមើមដំឡូងមី និងម៉ូតូមួយគ្រឿងសំណាងមិនមានអ្នកបាត់បង់ជីវិត

88

(កំពង់ចាម)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តដឹកអង្ករចំណុះ២០តោនចុះពីលើស្ពានគីហ្សូណា ជាន់ហ្រ្វាំងមិនស៊ីបានបុករះរថយន្តដឹកមើមដំឡូងមី និងម៉ូតូមួយគ្រឿងសំណាងមិនមានអ្នកបាត់បង់ជីវិត ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០:៥០នាទីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ​ចំណុចរង្វង់មូលគល់ស្ពានគីហ្ស៊ូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាង រថយន្តម៉ាកហ៊ិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣B-៣០៦៧ ដឹកអង្ករ ចំនួន២០តោន បើកបរដោយឈ្មោះ សឹង សិត (ត្រូវបានឃាត់ខ្លួន) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកតាអូក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកចុះពីលើស្ពានពីកើតទៅលិច ជាន់ហ្រ្វាំងមិនស៊ី ក៏ជ្រុលចង្កូតបុករះរថយន្តម៉ាក ហ៊ិន ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ៣C-៦០៤២ ដឹកមើមដំឡូង បើកបរដោយឈ្មោះ យឿង រស្មី ភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិ ឃ្លោយទី៣ ឃុំមាន ស្រុកព្រៃឈ​រ ខេត្តកំពង់ចាម (បើកពីលិចទៅកើត) និងម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ១F-២៧៩១ បើកដោយឈ្មោះ ​ស្រ៊ាន ស្រឿន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិ ស្រែស្ពៅ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (បើកពីត្បូងទៅជើងពាក់មួកសុវត្ថិភាព )។

ប្រភពសមត្ថកិច្ចបន្តអោយដឹងថា ករណីនេះបណ្តាលអោយ👉🏻របួសមនុស្ស ០៥នាក់ (ស្រី០១នាក់) រួមមាន៖១.ឈ្មោះ មឿន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជីកដី ឃុំអណ្តូងស្បែក ស្រុករមាសហែក ខេត្តស្វាយរៀង របួសធ្ងន់ (ព្រូរថយន្តដឹកអង្ករ) ។ ២.ឈ្មោះ សឹង សិត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិព្រែកតាអូក ឃុំរកាកោះ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ អ្នកបើកបររថយន្តដឹកអង្ករ (របួសស្រាល) ។ ៣.ឈ្មោះ យឿន រស្មី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ ឃ្លោយទី៣ ឃុំមាន ស្រុកព្រៃឈរ ខេត្តកំពង់ចាម អ្នកបើកបររថយន្ត ដឹកដំឡូង (របួសស្រាល) ។ ៤.ឈ្មោះ ធី ស្រីមី ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិឃ្លោយ ឃុំមាន ស្រុកព្រៃឈរ អ្នករួមដំណើរ រថយន្ត ដឹកដំឡូង (របួសស្រាល) ។ ៥.ឈ្មោះ ស្រ៊ាន ស្រឿន​ ភេទប្រុស អ្នកបើកបរម៉ូតូ (របួសស្រាល) ។ ហើយគ្រោះថ្នាក់នេះបណ្តាលអោយខូចខាតរថយន្ត ០២គ្រឿង កំរិតធ្ងន់ និងខូចខាតម៉ូត០១គ្រឿង កំរិតស្រាល ។

​ចំពោះមូលហេតុត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មកពីរថយន្ត ដឹកអង្ករ ចុះពីលើស្ពាន ជាន់ហ្រ្វាំងមិនស៊ី ។ រីឯយកវត្ថុតាង ​និងអ្នកបើកបររថយន្តដឹកអង្ករ ជំនាញស្ទួចយកមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីចាត់ការតាមនីតិវិធីនៅពេលក្រោយ ៕

 

Comments

comments