រន្ទះបាញ់ផ្តាច់ជីវិតមនុស្ស៤នាក់ និងរបួស២នាក់​ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយសារមានម្នាក់និយាយទូរស័ព្ទពេលជ្រកភ្លៀង

107

(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ មានគ្រោះធម្មជាតិរន្ទះបាញ់ បានសម្លាប់ប្រជាពលរដ្ឋចំនួន៤នាក់ និងបណ្តាលឲ្យរងរបួស២នាក់ នៅក្នុងរោង នៃការដ្ឋានដឹកដីមួយកន្លែង ផ្លូវចូលទៅវត្តសមាធិ ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ របាយការណ៍របស់នគរបាលខេត្តព្រះសីហនុ បានបង្ហាញថា ករណីនេះកើតឡើងដោយសារមេឃកំពុងភ្លៀងស្រិចៗ​ ហើយកម្មករកំពុងជ្រកក្នុងរោង ពេលនោះមានកម្មករម្នាក់និយាយទូរស័ព្ទ ក៏ត្រូវរន្ទះបាញ់តែម្តង ។

របាយការណ៍ពីនគរបាលស្រុកព្រៃនប់បញ្ជាក់ថា ជនរងគ្រោះចំនួន៤នាក់ដែលស្លាប់រួមមាន៖ ១/ឈ្មោះ សាន ក្រិន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ឃុំដា ស្រុកចិកបូរី ខេត្តក្រចេះ មុខរបរកម្មករសំណង់ ។ ២/ឈ្មោះ ទក ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកខ្មៅ ឃុំស្រែក្នុង ស្រុកជុំគីរី  ខេត្តកំពត មុខរបរកម្មករសំណង់ ។

៣/ឈ្មោះ ទុយ ភេទប្រុស អាយុ២០ឆ្នាំមានទីលំនៅ ភូមិព្រែកខ្មៅ ឃុំស្រែក្នុង ជុំគីរី ខេត្តកំពត មុខរបរកម្មករ ។ ៤/ឈ្មោះចាន់ សឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរមេការសំណង់ ។

អ្នករងរបួសមធ្យមមានឈ្មោះ ១/ឈ្មោះទុយ ឡែម ភេទប្រុស អាយុ៤៤ឆ្នាំមានទីលំភូមិព្រែកខ្មៅឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត មុខរបរកម្មករសំណង់ ។ ២/ឈ្មោះស រាម ភេទប្រុសអាយុ៤៥ឆ្នាំមានទីលំ នៅនិងមុខរបរដូចជនរងគ្រោះទី៥ ។ របាយការណ៍បន្ថែមថា ជនរងគ្រោះទាំងអស់ទើបតែមកស្នាក់ នៅកន្លែងកើតហេតុខ្លះបាន ៤ឬ៥ថ្ងៃ ហើយខ្លះទៀត ទើបតែបាន១ថ្ងៃប៉ុណ្ណោះ ដើម្បីធ្វើការសំណង់។

បច្ចុប្បន្នសពសមត្ថកិច្ចបានប្រគល់ឲ្យសាច់ញាតិយកទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសត្រូវបានអាជ្ញាធរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ៕

Comments

comments