លោកឧត្តមនាវីឯក ទៀ សុខា ចេញបញ្ជាអោយកងកម្លាំងទាំងអស់បង្កើនប្រសិទ្ធិភាព ក្នុងកិច្ចការពារថែរក្សាជីវចម្រុះធនធានបាតសមុទ្រក្នុងប្រទេសកម្ពុជា

556

(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានចេញបញ្ជាអោយកងកម្លាំងទាំងអស់បង្កើនប្រសិទ្ធិភាព ក្នុងកិច្ចការពារថែរក្សាជីវចម្រុះធនធានបាតសមុទ្រក្នុងប្រទេសកម្ពុជា ដែលគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានធ្វើសកម្មភាពកន្លងមក ដោយសហការជាមួយអាជ្ញាធរ និងផ្នែកពាក់ព័ន្ធទប់ស្កាត់ការបំផ្លាញតាមគ្រប់រូបភាព ។

ការចេញបទបញ្ជាបែបនេះខណៈពេលដែលលោកឧត្តមនាវីឯកបានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកុំព្យូទ័រ វគ្គ Microsoft Excel and Microsoft PowerPoint និងបើកវគ្គហ្វឹកហ្វឺនជំនាញទ្បើងលើនាវា Boarding Officer Course (BOC) ប្រព្រឹត្តទៅនាទីបញ្ជាការដ្ឋានជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក រិចស៍ រូបឺសាន់ (Rex Roberson) ប្រធានកម្មវិធីគ្រប់គ្រងការនាំចេញ និងទំនាក់ទំនងសន្តិសុខតាមព្រំដែន (EXBS) ប្រចាំប្រទេស កម្ពុជា-ថៃ ផងដែរ។

លោកឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនទាំងអស់នេះនឹងជួយដល់កិច្ចប្រតិបត្តិការរបស់កងកម្លាំងរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្នុងការថែរក្សាសន្តិសុខទូទៅក្នុងដែនសមុទ្ររបស់ប្រទេសកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា ក្នុងផែនការសកម្មភាព ទប់ស្កាត់អំពើភេរវកម្មផ្សេងៗ ក៏ដូចជាគ្រប់បទល្មើសក្នុងលម្ហសមុទ្រ ៕

Comments

comments