ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គ​ស្នងការ​រង​​​ចូលរួម​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ច្បាប់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​និង​ប្រគល់​វិញ្ញា​បន​បត្រនៅខេត្តព្រះសីហនុ

287

​(ព្រះសីហនុ)៖ នៅរសៀលថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ នេះ​លោកឧត្តមសេនីយ៍ឯក ​ឌី​ វិជ្ជា​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ បាន​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ ជំនាញ​ច្បាប់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ និង​ប្រគល់​វិញ្ញា​បន​បត្រ​បញ្ជាក់​ការ​សិក្សា​ជូន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចំនួន​១៥​៤​នាក់​ មក​ពី​៣០​សហគ្រាស​ ក្នុង​ខេត្ត​ព្រះសីហនុ​ ។

របាយការណ៍​ស្វាគមន៍​របស់​លោក​វរសេនីយ៍​ឯក​ ជិន​ សាមីឌី​ អនុ​ប្រធាន​នាយក​ដ្ឋាន​គ្រប់​គ្រង​សន្តិសុខ​ឯកជន​ បាន​ឲ្យ​ដឹង​ថា៖ វគ្គ​បំប៉ន​ជំនាញ​ច្បាប់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​នេះ​ មាន​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ចូលរួមចំនួន ​១៥​៤​នាក់​ ស្រី​៥នាក់ មក​ពី​៣​០​សហគ្រាស​ សិក្សា​រយៈ​ពេល​ មួយ​ថ្ងៃ​ រៀប​ចំ​ឡើង​ដោយ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ​។ លទ្ធផល​នៃ​ការ​ការសិក្សា​ សិក្ខា​កាម​ទទួល​បាន​និន្ទេស​ល្អ​៦០% បង្គួរ​៣០​% និង​មធ្យម​១០​% ។

តាម​កម្ម​វិធី​សិក្សា​ វគ្គ​បំប៉ន​ជំនាញ​នេះ មាន​គោលបំណង​ជំនួយ​ស្មារតី​ដល់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ ឲ្យ​យល់ដឹង​អំពី​សិទ្ធិ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ ក្នុង​ការ​រួម​ចំណែក​ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ ការពារ​សុវត្ថិភាព​ជូន​ប្រជា​ពលរដ្ឋ​ និង​អ្នក​​វិនិយោគិន​ ដូច្នេះ​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ ត្រូវ​មាន​ការ​យល់​ដឹង​អំពី​ច្បាប់​ និង​មាន​វិន័យ​ មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់​ ក្នុង​ការ​បំពេញ​ការងារ​ កុំ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​កំណត់ ​។ ក្នុង​វគ្គ​បំប៉ន​នេះ​ក៏បាន​បញ្រ្ជាប​អំពី​ក្រម​ព្រហ្មទណ្ឌ​ និង​បទ​ល្មើស​ផ្សេង​ៗ​ ឲ្យ​ភ្ញាក់​ងារ​សន្តិសុខ​ឯកជន​ បាន​យល់​ដឹង​ផង​ដែរ ​។

លោក​ឧត្តម​សេនីយ៍​ទោ ជួន ណារិន្ទ​ ស្នងការនគរបាលខេត្តព្រះសីហនុ​ បាន​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់​ដឹកនាំ​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ ដែល​បាន​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ឡើង​ ។ លោក​ស្នងការ​បាន​សំណូមពរ​ដល់​វិស័យ​ឯកជន​ សូម​ឲ្យ​គោរព​តាម​ច្បាប់​ តួនាទី​ភារកិច្ច​របស់​ខ្លួន​ ត្រូវ​ការ​ពារ​សន្តិសុខ​ ជូន​វិនិយោគិន​ ទ្រព្យ​សម្បតិ្ត​របស់​ក្រុមហ៊ុន​ដែល​ខ្លួន​ទទួល​ខុស​ត្រូវ​ ការ​ជ្រើសរើស​បុគ្គលិក​សន្តិសុខ​ឯកជន​ត្រូវ​ធ្វើ​ឡើង​ តាម​លក្ខខណ្ឌ​ ដែល​ច្បាប់​បាន​កំណត់​ មាន​ប្រវត្តិ​រូប​ច្បាស់​លាស់​។

លោកឧត្តម​សេនីយ៍​ឯក ​ឌី​ វិជ្ជា​ អគ្គ​ស្នងការ​រងនគរបាល​ជាតិ​ បាន​ថ្លែង​អំណរគុណ​ចំពោះ​វិស័យ​ឯកជន​ដែល​បាន​ចាត់​បញ្ជូន​សមាជិក​មក​ចូលរួម​វគ្គ​បំប៉ន​ជំនាញ​ច្បាប់​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ តាម​ការ​ណែនាំ​របស់​នាយកដ្ឋាន​ និង​សូម​ឲ្យ​អស់​លោក​ លោកស្រី​ទាំងអស់​ដែល​បាន​ មក​ចូលរួម​រៀន​សូត្រ​ ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ​ ប្រែក្លាយ​ ចំណេះដឹង​ក្នុង​ការ​សិក្សា​នេះ​ទៅ​អនុវត្ត​ជាក់​ស្ដែង​ឲ្យ​មាន​ប្រសិទ្ធ​ភាពល្អ ​៕

Comments

comments