សម្តេចតេជោ ហ៊ុន សែន ផ្តល់ស្ថានីយបូមទឹកអចល័តចំនួន ០៣ស្ថានីយ សម្រាប់បូមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការលិចលង់ផ្ទះប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង និងក្រុងក្រចេះ

61

(ភ្នំពេញ)៖ ដើម្បីដោះស្រាយនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែង និងក្រុងក្រចេះ ដែលកន្លងមកតែងតែរងការយាយីដោយជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសំរេចផ្តល់នូវស្ថានីយបូមទឹកអចល័ត ចំនួន ០៣ស្ថានីយ ( ស្មើនឹង ៣ទីតាំង ) សម្រាប់ដំណើរការបូមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការលិចលង់ភូមិឋានប្រជាពលរដ្ឋ ។ នេះបើតាមការបញ្ជាក់របស់ក្រសួងធនធានទឹក និងឧតុនិយម​ ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់អោយដឹងថា ស្ថានីយនីមួយៗ មានសមត្ថភាពបូមទឹកបានប្រមាណ ២.៥០០ ម៉ែត្រគូប ក្នុងមួយម៉ោង ។

ជាមួយនឹងការយកចិត្តទុកដាក់ដ៏ថ្លៃថ្លារបស់សម្តេចតេជោនេះ ស្ថានីយបូមទឹកអចល័តទាំង ០៣ ទីតាំងខាងលើ ត្រូវបានប្រសិទ្ធនាមថា៖ ១. ស្ថានីយបូមទឹក ហ៊ុន សែន ទី៤៩ ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ២.ស្ថានីយបូមទឹក ហ៊ុន សែន ទី៥០ ស្ថិតក្នុងសង្កាត់ស្រែពោធិ៍ ក្រុងស្ទឹងត្រែង ។ ៣.ស្ថានីយបូមទឹក ហ៊ុន សែន ទី៥១ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ។

ក្រសួងធនធានទឹក និងឧតុនិយម ក៏បានបញ្ជាក់អោយដឹងបន្ថែមថា មកដល់ពេលនេះការសាងសង់ជារួមសម្រេចបានប្រមាណ ៧០% ហើយ ៕

Comments

comments