ចងគំនុំជាមួយជនជាតិចិនដល់កំរិតទ្រាំមិនបានលើកគ្នាទៅកាប់សំលាប់ចោលលទ្ធផលត្រូវចូលគុកចំណែកចិនវិញរបួសធ្ងន់

531

(ព្រះសីហនុ)៖ ជន​ទំនើង៣នាក់​ ត្រូវ​នគរបាល​ខេត្ត​ព្រះសីហនុ​ ស្រាវជ្រាវ​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​ នៅ​យប់​ថ្ងៃ​ទី​២​៤​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​សកម្មភាព​ប៉ុនប៉ងធ្វើមនុស្សឃាតដោយចេតនាទៅលើជនជាតិចិន ចំនួន​២​លើក​ ពីរ​យប់​ផ្ទួន​ៗ​ បណ្តាល​ឲ្យ​ជន​ជាតិ​ចិន​ចំនួន​៣​នាក់​រង​របួស​ធ្ងន់​ ។

បើតាមលោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានថ្លែងបញ្ជាក់អោយដឹងថា ករណី​ទី​១ នៅ​យប់​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២និង០០នាទី នៅផ្លូវ​ជិត​ព្រះរាជ​ដំណាក់ ស្ថិតនៅភូមិ៣ សង្កាត់​លេខ​៣ មាន​ជនសង្ស័យ៤នាក់ ជិះម៉ូតូ ២គ្រឿង បានធ្វើសកម្មភាពប្រើដាវកាប់​ វាយ ទៅលើបុរសជនជាតិចិន១នាក់​ ដែលកំពុងឈរបទជើងតូច​ ក្បែរ​ចិញ្ចើម​ផ្លូវ​ បណ្តាលឲ្យរងរបួសជាទម្ងន់ ហើយ​ជនល្មើស​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​អស់​ទៅ​ ។

ករណី​ទី​២​ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២៣:៣០នាទី នៅផ្លូវកាស៊ីណូ​ឡាយអ៊ិនស៊ីធីចាស់ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់​លេខ៤ ក្រុង​ព្រះសីហនុ​ មាន​ជនសង្ស័យ​ចំនួន​៤នាក់ ជិះម៉ូតូ២គ្រឿង​ដដែល​ បានធ្វើសកម្មភាព ប្រើដាវ កាប់និងវាយ ទៅលើបុរសជនជាតិចិន២នាក់​ ដែលកំពុងដើរតាមផ្លូវ បណ្តាលឲ្យរងរបួសជាទម្ងន់​ ហើយ​ជន​ល្មើស​ បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។

លោក​ឧត្តម​សេនីយ៍ត្រី​កុល​ ផាលី បានឲ្យ​ដឹងបន្ថែមថា ៖ ក្រោយ​ពេលទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍​ទោ ជួន​ ណា​រិន្ទ​ ស្នងការ​នគរបាលខេត្ត​ បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ គ្រប់​ផ្នែក​សហការ​គ្នា​ បើក​ការ​ស៊ើប​អង្កេត​រុករក​មុខ​សញ្ញា​ បង្កហេតុ​ជា​បន្ទាន់​ រហូតដល់យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២២:០០នាទី​ សមត្ថកិច្ច​ស្រាវជ្រាវ​ស្វែងរក​ ចាប់ខ្លួន​ជនសង្ស័យបាន​ចំនួន៣នាក់រួមមាន៖ ១-ឈ្មោះយ៉ា សុក្រី ហៅ កា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ (ជនដៃដល់ អ្នកបើកម៉ូតូ ) ។ ២-ឈ្មោះហាស់ អាល់ហ្វារី ហៅ ឌួង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ផ្នែកជាងភ្លើង មានទីលំនៅ ភូមិ៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់) ។
៣-ឈ្មោះ ធឿន សាធិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ជនដៃដល់ ជិះពីក្រោយកាន់ដាវកាប់) ។

វត្ថុតាងចាប់យកបាន៖ -ដាវ ១ដើម​ (ឧបករណ៍ធ្វើសកម្មភាព) -ដំបងដែករលាស់១ដើម (ឧបករណ៍ធ្វើសកម្មភាព) -ម៉ូតូ១គ្រឿង ម៉ាកវេវពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 1FP-8812 (មធ្យោបាយជិះធ្វើសកម្មភាព) ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ បានសារភាព​ថា​ពួកគេ​បាន​ ប្រព្រឹត្ត​បទ​ល្មើស​ ប៉ុនប៉ង​មនុស្សឃាត ទៅលើជនជាតិចិន ទាំង​ពីរ​លើក​ ពិតប្រាកដមែន ដោយសារ​ពួក​គេ​ខឹង​ជន​ជាតិ​ចិន​ ដែលបានមកផឹកស៊ី​ នៅលើផែទូកទេសចរណ៍ ហើយរាំ​អោបមិត្តស្រីរបស់ពួក​គេ​ ធ្វើអោយជនសង្ស័យខឹង​ បាន​នាំគ្នា​៤​នាក់​ ជិះម៉ូតូ ២គ្រឿង តាមកាប់ជនរងគ្រោះតែម្តង។

ជនសង្ស័យ​បាន​សារភាព​បន្ថែម​ថា៖ ពួកគេស្អប់ជនជាតិចិន​ ពី​ ព្រោះជនជាតិចិន​ មកដល់ប្រទេសកម្ពុជា ពេលផឹកស៊ី និង​ចេញពីធ្វើការ ដើររញ៉េរញ៉ៃ​ពាសពេញផ្លូវ គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរ ម៉ូតូឲ្យជៀស បែរជាស្រែជេរពួកគេទៅវិញ ។

ជន​រងគ្រោះ​ក្នុង​អំ​ពើប៉ុន​ប៉ង​មនុស្ស​ឃាត​នេះ​មាន៖ ១ រងគ្រោះ​ នៅថ្ងៃទី​ ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ឈ្មោះ LIANG GUIBIN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ HUNG LEI លិខិតឆ្លងដែនលេខៈ EE៤៤១២៤០៨ ស្នាក់នៅក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។ រងគ្រោះនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានចំនួន ២នាក់៖
១-ឈ្មោះ ZHOU WENBING ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅកាស៊ីណូយ៉ាឌួលី ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។២-ឈ្មោះ WANG SI REA ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន អ្នក​ទេសចរណ៍ ស្នាក់នៅ ភូមិ៤ សង្កាត់​លេខ​៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ​ នៅរាជធានីភ្នំពេញ ។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕

Comments

comments