ប្រតិភូខេត្ដជាំងស៊ូមានបំណងចង់វិនិយោគវិស័យកសិកម្មនៅខេត្ដព្រះសីហនុ

26


(ព្រះសីហនុ)៖ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃសភាប្រជាជនខេត្ដជាំងស៊ូ ដឹកនាំគណៈប្រតិភូជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុងគោលបំនងសិក្សាស្វែងយល់លើគម្រោងវិនិយោគវិស័យកសិកម្មនៅខេត្ដព្រះសីហនុ ។

យោងតាមស្មារតីនៃជំនួបពិភាក្សារវាងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃសភាប្រជាជនខេត្ដជៀងស៊ូនិងថ្នាក់ដឹកនាំខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្ដព្រះសីហនុ នាថ្ងៃសុក្រទី ២១ ខែធ្នូ ឆ្នាំ២០១៨ ខេត្តជាំងស៊ូមានគម្រោងវិនិយោគវិស័យកសិកម្មនៅខេត្ដព្រះសីហនុ។ ដោយពេលនេះគណៈប្រតិភូកំពុងសិក្សាស្វែងយល់ ដើម្បីអោយប្រាកដដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍលើវិស័យកសិកម្មនៅខេត្តព្រះសីហនុនៅថ្ងៃអនាគត។

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តជាំងស៊ូដែលជាខេត្តសម្ព័ន្ធមេត្រីភាព (ខេត្តបងប្អូន) ជាមួយខេត្តព្រះសីហនុ ដែលបានជម្រុញអ្នកវិនិយោគជាច្រើនឲ្យមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុតាមរយៈតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។

ជាមួយនេះអ្នកវិនិយោគចិន បានធ្វើអោយខេត្តព្រះសីហនុមានការរីកចម្រើនប្រែមុខមាត់យ៉ាងលឿនស្ទើរមិននឹកស្មាន។ តាមរយៈជំនួបភាក្សានេះដែរ លោក បានស្នើសុំ ថ្នាក់ដឹកនាំខេត្តជាំងស៊ូ ជួយជម្រុញអ្នកវិនិយោគ និងអ្នកទេសចរឲ្យចូលមកវិនិយោគ និងកំសាន្តនៅខេត្តព្រះសីហនុអោយកាន់តែច្រើនថែមទៀត ។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ធានាទាំងស្រុងចំពោះសន្តិសុខ សុវត្ថិភាព និងសម្បត្តិស្របច្បាប់នៃអ្នកវិនិយោគក៏ដូចជាភ្ញៀវទេសចរ ដោយយកច្បាប់កម្ពុជាជាគោល ។

លោក ចាំង ចាំងពីង ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃសភាប្រជាជនខេត្ដជៀងស៊ូ ថ្លែងកើតសរសើរខេត្តព្រះសីហនុ ដែលតែងគាំទ្ររអ្នកវិនិយោគចិនជាសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ សព្វថ្ងៃនេះអ្នកវិនិយោគមកពីខេត្តជាំងស៊ូប្រមាណជាង ១២០ក្រុមហ៊ុន បានមកបណ្តាក់ទុនរកស៊ីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលអភិវឌ្ឍដោយក្រុមហ៊ុនហុងតូគ្រុប។ ទន្ទឹមនឹងការវិនិយោគរបស់ប្រជាជននៃខេត្ដជាំងស៊ូដំណើរការដោយរលូនហើយនោះ ក៏គណៈប្រតិភូនៃថ្នាក់ដឹកនាំខេត្ដនេះ នៅតែបន្ដជម្រុញឲ្យមានការបង្កើនការវិនិយោគបន្ថែមទៀត ក្រៅពីនេះខេត្តជាំងស៊ូកំពុងមានគម្រោងវិនិយោគលើវិស័យកសិកម្មនៅខេត្ដព្រះសីហនុផងដែរ ៕

Comments

comments