វិស័យសំណង់នៅខេត្តព្រះសីហនុលូតលាស់លឿនមែនតែបញ្ហាក៏ច្រើនដែរ

168

(ព្រះសីហនុ)៖ វិស័យសំណង់តូចធំខ្ពស់ទាបនៅខេត្តព្រះសីហនុកំពុងតែរីកដុះដាលដូចផ្សិត និងស្ទើរគ្រប់ច្រកល្ហក ជាពិសេសនៅក្នុងក្រុងព្រះសីហនុតែម្តង ដែលកន្លងមកនៅទីតាំងដីទំនេរខ្លះមានសភាពស្ងាត់ជ្រងំ ស្មៅដុះពាសពេញដីដែលបង្ករអោយមានភ្លើងឆេះស្មៅឬព្រៃ ជាញឹកញាប់នៅរដូវប្រាំង ហើយនៅពេលយប់វិញកន្លែងខ្លះប្រជាពលរដ្ឋយើងមិនហ៊ានធ្វើដំណើរឆ្លងកាត់ផងទេដោយសារតែបារម្មណ៍ពីសុវត្ថិភាពព្រោះស្ងាត់ជ្រងំពេក ។ ប៉ុន្តែក្តីកង្វល់អស់ទាំងហ្នឹងត្រូវបានរសាយបន្តិចម្តងៗនារយៈពេល២ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងឆ្នាំ២០១៨នេះតែម្តង ដែលអ្នកវិនិយោគធំៗភាគច្រើនលើសលប់នោះគឺជនជាតិចិនតែម្តង បានមកវិនិយោគដោយប្រើទុនរាប់រយលានដុល្លាលើវិស័យសំណង់ជាពិសេសដីទំនេរធំៗទាំងនោះត្រូវបានប្រែក្លាយទៅជា សណ្ឋាគារ កាស៊ីណូ ក្លឹបកម្សាន្ត រោងចក្រ សហគ្រាសតូចធំជាច្រើនធ្វើអោយខេត្តព្រះសីហនុកែប្រែមុខមាត់យ៉ាងឆាប់រហ័ស ។

លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  ដែលមានសមាជិកចូលរួមប្រមាណ៩០០រូប រៀបចំឡើងនៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ម្សិលម៉ិញនេះ  បានឡើងថ្លែងបទអន្តរាគមន៍ជូនអង្គពិធីថា៖ នៅឆ្នាំ២០១៨នេះការផ្តល់លិខិតអនុញ្ញាតសាងសង់ចេញដោយក្រសួងមានចំនួន ៥៤គម្រោង ស្មើនឹងផ្ទៃក្រលា ១,៥៣៤,១៤៥ម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគចំនួន ៩៦៤,២៣០,៦០៧ដុល្លា ក្នុងនោះគម្រោងលំនៅឋាន មាន ១០គម្រោង ពាណិជ្ជកម្ម មាន ២៩គម្រោង ទេសចរណ៍មាន ១០គម្រោង ឧស្សាហកម្ម មាន ៣គម្រោង សំណង់វិនិយោគ មាន ១គម្រោង និងសំណង់សាធារណៈមិនមែនរបស់រដ្ឋ ១គម្រោង ។

ចំពោះការផ្តល់លិខិតអនុញ្ញាតសាងសង់ចេញដោយសាលាខេត្តព្រះសីហនុនៅឆ្នាំ២០១៨នេះមានចំនួន ៤៩គម្រោង ស្មើនឹងផ្ទៃក្រលា ៨៥,២៩៤ម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគចំនួន ៤៥,៦៦៣,៦៣៩ដុល្លា ក្នុងនោះគម្រោងលំនៅឋាន មាន ២៧គម្រោង ពាណិជ្ជកម្ម មាន ៨គម្រោង ទេសចរណ៍មាន ៦គម្រោង ឧស្សាហកម្ម មាន ១គម្រោង សំណង់វិនិយោគ មាន ៦គម្រោង និងសំណង់សាធារណៈមិនមែនរបស់រដ្ឋ ១គម្រោង ។

ដោយឡែកការផ្តល់លិខិតអនុញ្ញាតសាងសង់ចេញដោយសាលាក្រុងព្រះសីហនុនៅឆ្នាំ២០១៨នេះមានចំនួន ១៩៤គម្រោង ស្មើនឹងផ្ទៃក្រលា ៥០,០៩៨ម៉ែត្រការ៉េ ជាមួយនឹងទុនវិនិយោគចំនួន ១៤,៥០៧,៥១៩ដុល្លា ក្នុងនោះគម្រោងលំនៅឋាន មាន ១៨២គម្រោង ភូមិគ្រឹះ មាន ៨គម្រោង និងរបងថ្ម ៤គម្រោង ។

លោក ចេង ស្រុង ក៏បានអោយដឹងទៀតថា ចាប់ពីឆ្នាំ២០០៥ មកដល់២០១៨នេះនៅខេត្តព្រះសីហនុ មានសំណង់អគារចាប់ពី ៥ជាន់ឡើងមាន ១១៧គម្រោង ក្នុងនោះមាន ៦០គម្រោងដែលបានស្នើសុំសាងសង់នៅឆ្នាំ២០១៨នេះ ។ ហើយចាប់ពីឆ្នាំ២០០៣ មកដល់ ២០១៨នេះ បុរីមាន ១០គម្រោង ក្នុងនេះ ៦គម្រោងស្នើសុំសាងសង់នៅឆ្នាំ២០១៨នេះ ។

ជាមួយនិងការវិនិយោគលើវិស័យសំណង់យ៉ាងគំហុកបែបនេះត្រូវបានលោក ចេង ស្រុង ធ្វើការបញ្ជាក់ថា គឺកើតចេញពីស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជារដ្ឋមន្រ្តី ។

បើទោះបីជាការអភិវឌ្ឍលើវិស័យសំណង់នៅខេត្តព្រះសីហនុយ៉ាងគគ្រិកគគ្រេងទាំងយប់ទាំងថ្ងៃបែបនេះក្តី លោក ចេង ស្រុង បានអោយដឹងថា រដ្ឋបាលខេត្តក្រុង ក៏ដូចជាមន្ទីរ បានជួបប្រទះនៅបញ្ហាប្រឈមជាច្រើនផងដែរក្នុងនោះ៖ -ប្រជាពលរដ្ឋមួយចំនួន ពុំទាន់យល់ដឹងអំពីនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតសាងសង់នៅឡើយ ។ -ម្ចាស់សំណង់មួយចំនួន បានដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ដោយសារតែការជួលដីមានតម្លៃខ្ពស់ ទោះបីមន្ទីរ បានចេញលិខិតផ្អាកការដ្ឋាន និងមានការចូលរួមទប់ស្កាត់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដោយ ។ -ម្ចាស់សំណង់មួយចំនួន បានដំណើរការសាងសង់ខុសពីលិខិតអនុញ្ញាតដូចជា៖ មិនគោរពជួរតម្រង់ អ័ក្សគម្លាត លើសចំនួនអគារស្នើសុំ សាងសង់លើសជាន់ សង់លយចូលចំណីផ្លូវ និងសង់ខុសពីមុខងារអគារ ពិសេសបានដំណើរការសាងសង់ខុសពីទីតាំងដែលមន្ត្រីជំនាញបានចុះបោះបង្គោលកំណត់ព្រំទីតាំងសាងសង់ ។ -ម្ចាស់សំណង់មួយចំនួន ពុំបានស្នើសុំលិខិតអនុញ្ញាតបើកការដ្ឋាន ក្រោយពីទទួលបានលិខិតអនុញ្ញាតសាងសង់រួច ។ -ម្ចាស់សំណង់មួយចំនួន ពុំបានស្នើសុំលិខិតអនុញ្ញាតបិទការដ្ឋាន ពេលដែលបានបញ្ចាប់ និងចូលប្រើប្រាស់សំណង់ ។ -ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់មួយចំនួន ពុំបានបំពាក់សម្ភារៈការពារសុវត្ថិភាពដល់បុគ្គលិក និងកម្មករ ដែលបំពេញការងារក្នុងការដ្ឋាននោះទេ ។ – ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់មួយចំនួន ពុំយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការដ្ឋានដូចជា៖ ការទុកដាក់សម្ភារៈសំណង់គ្មានសណ្តាប់ធ្នាប់ ការហ៊ុំព័ទ្ធការដ្ឋាន គ្មានសំណាញ់សុវត្ថិភាព ពុំបានបំពាក់ភ្លើងបំភ្លឺការដ្ឋាន ពិសេសកង្វះខាតក្នុងការរៀបចំប្រព័ន្ធអាប្រព្រឹត្តកម្មទឹកកខ្វក់ អាងបង្គន់អនាម័យ និងប្រព័ន្ធលូសាធារណៈ ។

ជាមួយនឹងបញ្ហាប្រឈមបែបនេះលោក ចេង ស្រុង ក៏បានត្រៀមក្នុងការដោះស្រាយបញ្ហាទាំងនេះផងដែរក្នុងនោះ៖ ខិតខំអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការសាងសង់ និងឯកសារបច្ចេកទេសនានានៅគ្រប់ការដ្ឋានសំណង់ ។ -ខិតខំផ្សព្វផ្សាយច្បាប់ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យសំណង់ដល់មន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពិសេសបន្តធ្វើការណែនាំដល់ប្រជាពលរដ្ឋ និងម្ចាស់សំណង់អោយមានការយល់ដឹងបន្ថែមពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យសំណង់ សុវត្ថិភាពសំណង់ និងផលវិបាកនៃការសាងសង់ ដែលមិនគោរពតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមាន ។ -មន្ទីរដ.ន.ស.ស ខេត្ត ត្រូវចុះត្រួតពិនិត្យគ្រប់ការដ្ឋានសំណង់ជាប្រចាំ ដែលជាសមត្ថកិច្ចផ្តល់លិខិតអនុញ្ញាតដោយក្រសួងដែនដី និងជាសមត្ថកិច្ចផ្តល់លិខិតអនុញ្ញាតដោយរដ្ឋបាលខេត្ត និងក្រុងស្រុក ។ -មន្ទីរដ.ន.ស.ស ខេត្ត ធ្វើរបាយការណ៍អំពីលទ្ធផលនៃការចុះត្រួតពិនិត្យ គោរពជូនក្រសួង រដ្ឋបាលខេត្ត និងជម្រាបជូនក្រុងស្រុក ដើម្បីមានវិធានការលើរាល់សំណង់ដែលសង់ខុសច្បាប់ ។ -រដ្ឋបាលខេត្ត និងក្រុងស្រុក ត្រូវចាត់វិធានការចំពោះសំណង់គ្មានច្បាប់ និងការសាងសង់ខុសច្បាប់ ដើម្បីបង្កើនភាពរឹងមាំនៃសំណង់សំដៅធានាសុវត្ថិភាព សុខុមាលភាព និងភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ដោយមានការចូលរួមសហការពីមន្ទីរ និងការិយាល័យភូមិបាលក្រុងស្រុក ។ -បន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងមហាជន ប្រជាជន ដើម្បីធ្វើការតាមដានគ្រប់ការដ្ឋាន តាំងពីចាប់ផ្តើមរៀបចំការសាងសង់ រហូតដល់សំណង់ត្រូវបានបញ្ចប់ ។ -ណែនាំដល់អ្នកប្រកបវិជ្ជាជីវៈសំណង់ត្រូវតែចុះបញ្ជីដើម្បីទទួលបានវិញ្ញាបនបត្រប្រកបវិជ្ជាជីវៈពីក្រសួង សំដៅធានាភាពស្របច្បាប់របស់ខ្លួន ក្នុងការប្រកបវិជ្ជាជីវៈ ដើម្បីរួមចំណែកពង្រឹងសុវត្ថិភាពសាធារណៈ និងគុណភាពសំណង់ ៕

Comments

comments