55

រដ្ឋបាលក្រុងព្រះសីហនុ និងមន្ទីរជំនាញចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចឆ្នេរកន្ទុយនាគដោយបានចាប់យកសម្ភារៈលក់ដូរឥតសណ្តាប់ធ្នាប់ដោយមិនប្រគល់អោយវិញទេ

(ព្រះសីហនុ)៖ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរជំនាញ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានចុះរៀបចំសណ្តាប់ធ្នាប់នៅចំណុចឆ្នេរកន្ទុយនាគ​ ( ជិតសណ្ឋាគារសុខា ) ស្ថិតក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ។

បើតាមលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់អោយដឹងថា អ្នកលក់ដូរតាមរទេះ យកឆ្នេរកន្ទុយនាគដាក់លក់ម្ហូបអាហារ និងសម្ភារៈ លក់ដូរយូរៗទៅ ធ្វើរោង ធ្វើតូប ស្នាក់នៅអចិន្ត្រៃយ៍តែម្តង ។

លោកអភិបាលក្រុងបន្ថែមថា កន្លងមករដ្ឋបាលក្រុង សហការជាមួយមន្ទីរជំនាញ ចុះណែនាំ និងចុះធ្វើសណ្តាប់ធ្នាប់ និងរុះរើរោង តូប និងចាប់យកសម្ភារៈ ជាច្រើនលើក ប៉ុន្តែស្ងាត់បន្តិច ពួកគាត់មកលក់ដដែល។

ដូច្នេះថ្ងៃនេះ ក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់ ដោយរុះរើរោង តូប និងចាប់យកសម្ភារៈចំនួន ២ឡាន យកមករក្សាទុកនៅសាលាក្រុង ដោយមិនប្រគល់ឲ្យវិញទេ ។

ជុំវិញសកម្មភាពប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសំដែងនូវការសាទរ និងគាំទ្ររពេញទំហឹងចំពោះសកម្មភាពរបស់រដ្ឋបាលក្រុងព្រះសីហនុ ព្រោះទីតាំងនេះជាកន្លែងដែលប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរទាំងអស់តែងតែមកកម្សាន្តស្រូបយកខ្យល់ដ៏បរិសុទ្ធបក់មកពីសមុទ្រ ។ ហើយបើសិនជារដ្ឋបាលក្រុងព្រះសីហនុបណ្តោយអោយសកម្មភាពបន្តកើតមានតទៅទៀតនោះអនាគតនិងធ្វើអោយប៉ះពាល់ដល់បរិស្ថាន អនាម័យប្រជាពលរដ្ឋដែលមកកម្សាន្តនៅទីនេះជាក់ជាមិនខាន ៕

 

Comments

comments