មន្ត្រីនគរបាលនៅស្រុកទឹកឈូដែលជិះម៉ូតូតាមបាញ់ប្រជាពលរដ្ឋដូចបាញ់ចាបត្រូវតុលាការចេញដីការឃុំខ្លួនជាបណ្តោះអាសន្នហើយ

1387

(កំពត)៖ ទីបំផុតមន្ត្រីនគរបាលម្នាក់នៅស្រុកទឹកឈូ នៃខេត្តកំពតដែលបើកម៉ូតូដេញតាមបាញ់ប្រជាពលរដ្ឋដូចបាញ់ចាប កក្រើកពេញបណ្តាញសង្គម ត្រូវបានតុលាការខេត្តកំពតចេញដីការឃុំខ្លួនបណ្តោះអាសន្នហើយ ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៨១/១៩ របស់សាលាដំបូងខេត្តកំពត ចុះហត្ថលេខាដោយលោក អាំង សុភា ចៅក្រមស៊ើបសួរបានសម្រេចឲ្យឃុំខ្លួនឈ្មោះ ហុក ចេង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ នគរបាល ទីកន្លែងកំណើត នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។ ឪពុកឈ្មោះ យី ឃីន (រស់) ម្តាយឈ្មោះ តាន់ អេង (រស់) ប្រពន្ធឈ្មោះ ទួន ពៅធី មានកូន៣នាក់ ទោសពីមុនគ្មាន ។ ចោទប្រកាន់ពីបទ៖ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៧, ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ។

យោងតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា ២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម ។ ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ ។ ចំណែក មាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ បានចែងថា ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ទិញ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ) ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០០.០០០ (ហាសិបម៉ឺន) រៀល ដល់ ២.០០០.០០០ (ពីរលាន) រៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ។

សូមរំលឹកថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១២ មានករណីហិង្សាដោយប្រើប្រាស់អាវុធខ្លី នៅចំណុចខាងលិចវត្តព្រៃទប់ ចម្ងាយ៣០០ម៉ែត្រ លើផ្លូវលំ ស្ថិតក្នុងភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ។ ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ ឡាយ លី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត រងរបួសមួយគ្រាប់ក្រោមជង្គង់ស្តាំ ។ ចំណែកជនសង្ស័យឈ្មោះ ហុក ចេង ភេទប្រុស អាយុ ៤៧ឆ្នាំ ជានគរបាល ឋានៈនាយផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ ដែលប្រើប្រាស់អាវុធខុសច្បាប់បាញ់ទៅលើជនរងគ្រោះ ។

ប្រភពពីប្រជាពលរដ្ឋក្នុងភូមិបានអោយដឹងថា រវាងជនរងគ្រោះ និងជនសង្ស័យជាអ្នកភូមិជាមួយគ្នា ហើយជនសង្ស័យខឹងប្តីរបស់ស្រ្តីរងគ្រោះដែលបាន ឆាតទៅប្រពន្ធរបស់ជនសង្ស័យ ទើបធ្វើអោយជនសង្ស័យមានកំហឹងទប់អារម្មណ៍មិនបាន រហូតដល់ប៉ងផ្តាច់ជីវិតជនរងគ្រោះទាំង២នាក់តែម្តងទៅ ។ ទោះបីជាយ៉ាងនេះក្តីក្រុមមន្ត្រីអ្នកច្បាប់បានថ្លែងថា រវាងជនសង្ស័យ និងជនរងគ្រោះគួរតែទៅរកច្បាប់អោយជួយដោះស្រាយមិនគួរយកអាវុធមកដោះស្រាយបែបនេះទេ មានតែយកដាក់ខ្លួនប៉ុណ្ណោះ ៕

   

Comments

comments