ទីតាំងអាជីវកម្ម និងកន្លែងស្នាក់នៅរបស់ជនបរទេសនៅខេត្តព្រះសីហនុកន្លែងខ្លះលាក់លៀមមិនផ្ដល់ទិន្នន័យ គឺបានត្រឹមតែ ៣០-៤០% និងកន្លែងខ្លះទៀតទទួលបានត្រឹមតែ ៥០-៦០% តែប៉ុណ្ណោះ

151

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានដឹកនាំក្រុមការងារក្នុងយុទ្ធនាការចុះត្រួតពិនិត្យវត្តមានជនបរទេស ក្នុងរយៈពេល ៦០ថ្ងៃ បានបញ្ជាក់ពីលទ្ធផលដែលទទួលបានគឺការចុះត្រួតពិនិត្យតាមគោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្រ្តៃយ៍ជនបរទេសចំនួន ២.០៥២ គោលដៅ ដែលមានជនបរទេសសរុបរួម ៤០.៧៧០នាក់ ស្រី ៨.៣៨៧នាក់ ក្នុងនោះមាន ៥៧សញ្ជាតិ ដែលមានមុខរបរអាជីវកម្ម ចំនួន ២១ប្រភេទ ។

នាយឧត្តមសេនីយ៍ ឃុន សំបូរ បានបញ្ជាក់ថា ចំពោះការចុះត្រួតពិនិត្យវត្តមានជនបរទេស ក្រុមការងារគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ទទួលបានភាពជាក់លាក់តែទីតាំងគោលដៅអាជីវកម្ម និងកន្លែងស្នាក់នៅអចិន្រ្តៃយ៍របស់ជនបរទេសតែប៉ុណ្ណោះ ចំពោះទិន្នន័យជាក់លាក់ពីចំនួនជនបរទេស ដែលស្នាក់នៅ និងបម្រើការងារនៅក្នុងទីតាំងរបស់ខ្លួន ដោយកន្លែងខ្លះមានភាពលាក់លៀមមិនផ្ដល់ទិន្នន័យ គឺបានត្រឹមតែ ៣០-៤០% និងកន្លែងខ្លះទៀតទទួលបានត្រឹមតែ ៥០-៦០% តែប៉ុណ្ណោះ ។

នាយឧត្តមសេនីយ៍ ឃុន សំបូរ បានថ្លែងបែបនេះក្នុងកិច្ចប្រជុំ ស្តាប់របាយការណ៍ដំបូងស្តីពីការចុះត្រួតពិនិត្យវត្តមានជនបរទេស របស់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថាក្រុមការងារគាំទ្រ និងពង្រឹងរដ្ឋបាល ខេត្តព្រះសីហនុនេះត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ ដែលដឹកនាំដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ​ រដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត មន្ទីរការងារ មន្ទីរពាណិជ្ជកម្ម និង មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដោយបាន ចុះពិនិត្យ សិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានជុំវិញបញ្ហានានាដែលបាននិងកំពុងកើតឡើងនៅខេត្តព្រះសីហនុ សំដៅគាំទ្រ និងព្រងឹងរដ្ឋបាលខេត្តនៅក្នុងការគ្រប់គ្រងរដ្ឋបាល និងដោះស្រាយបញ្ហានានា ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ និងជនបរទេសគ្រប់ប្រភេទ ដែលបានមកស្នាក់នៅ និងធ្វើអាជីវកម្មក្នុងខេត្តព្រះសីហនុ ។

ថ្លែងក្នុងកិច្ចប្រជុំនោះដែរលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានមានប្រសាសន៍កោតសរសើរដល់ក្រុមការងារចុះជួយគាំទ្រ និងពង្រឹងរដ្ឋបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែង ក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសដែលទទួលបានលទ្ធផលល្អប្រសើរទោះបីមិនទាន់សម្រេចបានមួយរយភាគរយក៏ដោយ តែសកម្មភាពនេះអាចជាការគំរូចាប់ផ្តើមសម្រាប់ខេត្តផ្សេងទៀតនៅទូទាំងប្រទេស ។

លោកក៏បានជំរុញដល់ក្រុមការងារបន្ត និងប្រឹងប្រែងបន្ថែមទៀតក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនេះ ជាពិសេសជំរុញដល់ម្ចាស់ទីតាំង នាយក អគ្គនាយក នៃទីតាំងទាំងអស់ ត្រូវតែផ្ដល់ទិន្នន័យជាក់លាក់នៃចំនួនជនបរទេស ដែលស្នាក់នៅ និងបម្រើការងារ សំដៅងាយស្រួលក្នុងការគ្រប់គ្រង ហើយបើនៅតែមានការលាក់បាំង និងផ្ដល់ទិន្នន័យ មិនជាក់លាក់ទៀត នឹងមានការអនុវត្តតាមផ្លូវច្បាប់ ។

លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ដែរថា នៅពេលខាងមុខនេះ ក្រុមការងារនឹងរៀបចំកិច្ចប្រជុំ ជាមួយម្ចាស់ទីតាំង នាយក អគ្គនាយក ទាំង ២.០៥២គោលដៅនេះ ដើម្បីសហការបានល្អជាមួយសមត្ថកិច្ច មិនលាក់លៀម ជនបរទេស និងការយល់ដឹងពីច្បាប់ដើម្បី សុវត្ថិភាពនិង សម្រួលដល់ការធ្វើអាជីវកម្ម វិនិយោគ នៅក្នុងប្រទេសកម្ពុជា ៕

 

Comments

comments