គ្រោះថ្នាក់ស្មានមិនដល់!!! ចតឡានលើចិញ្ចើមថ្នល់ចាំប្រពន្ធកូន ចុះទិញនំចំណីត្រូវឡានបែនដឹកថ្មរក្រលាប់ពីលើស្លាប់ភ្លាមមួយរំពេច

1177

(ព្រះសីហនុ)៖ បុរសម្នាក់កំពុងចតឡានលើចិញ្ចើមផ្លូវ រង់ចាំប្រពន្ធនិងកូនចុះទៅទិញនំចំណីត្រូវឡានបែនដឹកថ្មរបុករួចក្រលាប់ពីលើស្លាប់ភ្លាមមួយរំពេច ។

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថាៈ​ នៅវេលា​ម៉ោង​ប្រមាណ​៩:៤​០​នាទី​ព្រឹកថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ២០១៩​ នេះ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដ៏​រន្ធត់​មួយ​ កើត​ឡើង​នៅលើបណ្តោយ​ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៤០-១៤១ (ផ្លូវបំបែកស្រែអំបិល) ស្ថិតក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តបែនដឹកថ្ម១គ្រឿងម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ​ កំពង់ធំ3A-1369 មានទិសដៅចេញ​ពី​ស្រុក​ស្រែអំបិល​ មក​ផ្លូវ​ជាតិ​លេខ​៤​ ពេល​ចុះចំណោត​ ហ្វ្រាំង​មិន​ស៊ី​ បាន​មកបុករះរថយន្តតូចចំនួន៤គ្រឿងបន្តបន្ទាប់គ្នា រួចក្រលាប់សង្កត់លើរថយន្ត​ CRV​ ១គ្រឿងដែលឈប់ចតនៅ​ចិញ្ចើម​ផ្លូវ​ប​ណ្ដាលអោយស្លាប់អ្នកបើកបរដែលកំពុងអង្គុយចាំប្រពន្ធ និងកូនចុះទិញនំចំណីនៅក្បែរនោះ ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តរងគ្រោះមានម៉ាក ​CRV ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ​ 2M-2821 បើកបរដោយឈ្មោះសុទ្ធ រិទ្ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ (ស្លាប់នៅកន្លែងកើតហេតុ) មានអ្នករួមដំណើរចំនួន ២នាក់​ ប្រពន្ធនិងកូន (តែ​មុនពេលកើតហេតុ​ ប្រពន្ធ​ និងកូន បានចុះទៅទិញ​ចំណី​អាហារ​ មិនបាននៅក្នុងរថយន្តទេ ) ។ ចំណែកអ្នកបើកបររថយន្ត HYUNDAI ក៏បានរងរបួសធ្ងន់ដែរ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលភ្លាមៗផងដែរ ។
ចំពោះវត្ថុតាង រថយន្តទាំងពីរ ដែលរងខូចខាតធ្ងន់ ត្រូវបានសមត្ថកិច្ចជំនាញកំពុងចាត់ចែងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដើម្បីដោះស្រាយនៅពេលក្រោយ ៕

Comments

comments