មេទ័ពជើងទឹកជួរមុខខ្មែរជួបប្រជុំជាមួយមេទ័ពជើងទឹក យោធភូមិភាគទី១ថៃ

59

(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជួបប្រជុំគ្នាលើកទី១០ ជាមួយលោកឧត្តមនាវីឯក បាន់ចុប ភូដែង (BANJOB POEDAENG) មេបញ្ជាការយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ នារសៀលថ្ងៃអង្គារ ១៥កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកុម្ភៈ គ.ស២០១៩ នៅ សណ្ឋាគារឯករាជ្យ ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីបន្ដកិច្ចសហប្រតិបត្ដិការល្អក្នុងការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក សម្រាប់ការអនុវត្ដច្បាប់ ទប់ស្កាត់បទល្មើស ការងារអភិរក្ស និងការការជួយសង្គ្រោះលើផ្ទៃសមុទ្រ ។

លោកឧត្តមនាវីឯក បាន់ចុប ភូដែង (BANJOB POEDAENG) មេបញ្ជាការយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ មានប្រសាសន៍ថា កិច្ចប្រជុំលើកនេះ គឺជាកិច្ចបន្តពីការប្រជុំលើកទី៩ កន្លងមក នៅខេត្ដឈុនបុរី នៃព្រះរាជាណាចក្រថៃ ដែលបាននាំមកនូវកិច្ចសហប្រតិបត្តិការល្អ រវាងបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ ជាមួយទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហេតុដូចនេះ លោកបានស្នើសុំឲ្យភាគីកងទ័ពនៃប្រទេសទាំងពីរ បន្ដរក្សានូវចំណុចទាំង៥ ដែលបានដាក់ចេញកន្លងមកនៅក្នុងកិច្ចប្រជុំលើកទី៩ គឺ ១.ផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ និងបង្ក្រាបទំនិញនាំចេញ នាំចូលខុសច្បាប់នៅតាមតំបន់នៃភូមិសាស្ត្រនៃប្រទេសរៀងៗខ្លួន។ ២. ផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបការជួញដូរគ្រឿងញៀន។ ៣.ផ្លាស់ប្ដូព័ត៌មានគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស ។ ៤.ផ្លាស់ប្ដូរព័ត៌មានគ្នាក្នុងការរុករក និងជួយសង្គ្រោះគ្រោះមហន្ដរាយ។ និងទី ៥.បន្ដប្រើប្រាស់ប្រព័ន្ធទំនាក់ទំនង រវាងបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ។

ជាកិច្ចឆ្លើយតបលោកឧត្តមនាវីឯក ទៀ សុខា មានប្រសាសន៍ថា បញ្ហាសន្តិសុខលម្ហសមុទ្រនៅតែជាកង្វល់ដ៏ធំសំរាប់ពិភពលោកទាំងមូល និងក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហេតុដូច្នេះកិច្ចសហការជាមួយបណ្តាស្ថាប័នជាតិ-អន្តរជាតិ ជាពិសេស ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ នាពេលនេះគឺ ពិតជាមានសារៈសំខាន់ណាស់ និងជាតម្រូវការចំាបាច់មិនអាចខ្វះបានសម្រាប់កងយោធពលខេមរភូមិន្ទ ក៏ដូចជាទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន គ.ជ.ស.ស ដើម្បីពង្រឹងសន្តិសុខស្ថេរភាព និងសុវត្តិភាព ក្នុងការធានាដល់ការធ្វើចរាចរនាវាលើផ្ទៃសមុទ្រ រក្សាផលប្រយោជន៍សេដ្ឋកិច្ច ធនធានធម្មជាតិ បរិស្ថាន ជួយសង្រ្គោះគ្រោះមហន្តរាយ ទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការនេសាទខុសច្បាប់ ការរត់ពន្ធខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរអាវុធ ការជួញដូរមនុស្ស ចោរសមុទ្រ ប្រឆាំងអំពើភេវរកម្ម និងបទល្មើសផ្សេងៗ ដែលកើតមានឡើងលើផ្ទៃសមុទ្រ ជាពិសេសការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងកងទ័ពជើងទឹក នៃប្រទេសយើងទាំងពីរ (កម្ពុជា-ថៃ)។

លោក ទៀ សុខា ក៏បានស្នើសុំបន្ដកិច្ចសហប្រតិបត្ដិការដូចគ្នាដែរ ដោយបន្ដឯកភាពលើប្រព័ន្ធទំនាក់ទំនងទាំងបីកន្លងមកតទៅទៀត តាមរយៈ លេខទូរស័ព្ទ WhatsApp LINE និងE-mail ដើម្បីផ្តល់ព័ត៌មានគ្នាទៅវិញទៅមក រវាងបញ្ជាការដ្ឋានយោធភូមិភាគទី១ កងទ័ពជើងទឹកភូមិន្ទថៃ និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឲ្យបានជ្រាបទាន់សភាពការណ៍ ប្រសិនមានហេតុការណ៍ណាមួយកើតឡើង ដើម្បីទប់ស្កាត់ បង្រ្កាបបទល្មើស ការពារធនធានធម្មជាតិ ឬជួយសង្គ្រោះឲ្យបានទាន់ពេលវេលនៅក្នុងតំបន់ទទួលខុសត្រូវរៀងៗខ្លួន ៕

 

Comments

comments