​ស្នង​ការដ្ឋាន​នគរបាលខេត្តព្រះសីហនុ ​ប្រារព្ធពិធី​សន្និបាត​បូកសរុប​សភាព​ការណ៍​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​ឆ្នាំ​២០១៨​ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩

137

(ព្រះសីហនុ)៖ នៅ​ព្រឹក​ថ្ងៃទី​១២​ ខែមីនា​ ឆ្នាំ​២០១៩​នេះ​ ស្នងការដ្ឋាននគរបាល​ខេត្ត​ព្រះសីហនុ​ បាន​ប្រារព្ធពិធី​សន្និបាត​បូកសរុប​សភាព​ការណ៍​ លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​ឆ្នាំ​២០១៨​ និង​ ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០១៩​ របស់​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​​ ។ ពិធី​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​លោក​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាល​ខេត្តព្រះសីហនុ​ ដោយ​មាន​ការ​ចូល​រួម​ពី​ លោក​ លោកស្រី​ ស្នងការ​រង​ទាំងអស់​ នាយ​ នាយ​រង​ការិយាល័យ​ជំនាញ​ អធិការ​ អធិការ​រង​នគរបាល​ក្រុង​ ស្រុក​ និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នានា​ទូទាំង​ខេត្ត​ព្រះសីហនុ​ ។

​លោក​ឧត្តម​សេនីយ៍​ត្រី​ អ៊ឹម​ វលក្ខណ៍​ ស្នងការ​រង​ នឹងជានាយសេនាធិការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានអានរបាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ ជូនអង្គពិធី​ថា៖ បទល្មើស​ព្រហ្មទណ្ឌ​ កើត​ឡើង​ចំនួន ​១​០៥​លើក/៨៤លើក (មាន​ការ​កើន​ឡើង​ចំនួន​ ២​១​លើក​ ស្មើ​និង​២៥%)​ ក្នុង​នោះ​មាន​ ៖-​បទល្មើស​ឧក្រិដ្ឋ​កើត​ឡើង​២៩ លើក​/២៥លើក (មាន​ការ​កើន​ឡើង​៤​លើក) ​។ -បទល្មើស​មជ្ឈឹម​ កើត​ឡើង ​៧៦លើក​/៥៩លើក (មាន​ការ​កើន​ឡើង​១​៧​លើក) ​។ -បទល្មើស​ខាង​លើបណ្ដាល​ឲ្យ​ស្លាប់​មនុស្ស ៥នាក់​(ស្រី) រង​របួស​មនុស្ស​ ២១នាក់ ស្រី​៣​នាក់​ បាត់​ម៉ូតូ​ ចំនួន ​២គ្រឿង​ និង​សម្ភារៈ​ផ្សេង​ជា​ច្រើន​ទៀត ។ -​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​បាន​ចំនួន​ ១០៣​ស្មើ​នឹង​៩៨% ករណី​ ឃាត់ខ្លួន ចំនួន​ ២៣៥នាក់​ ក្នុង​នោះ​មាន​៖ បទល្មើស​ឧក្រិដ្ឋ​ ចំនួន​២៩ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៧៣​​នាក់​ មាន​ជន​បរទេស​ ចំនួន ​៤​៨​នាក់​ (ចិន) ។ បទល្មើស​មជ្ឈឹម​ ចំនួន​ ៧៤ករណី​ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ១៦២នាក់​ ជន​បរទេស​ ចំនួន​៤៧​នាក់​ មាន​៤សញ្ជាតិ​(ចិន, អាល្លឺម៉ង់,​កាហ្សាស្តង់ និង​ ឥណ្ឌា) ។ ករណី​ខាង​លើ​ បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលា​ដំបូង​ ។

លោក​ឧត្តម​សេនីយ៍​ត្រី​ អ៊ឹម​ វលក្ខណ៍ បានរាយការណ៍បន្តថា -​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ ចំនួន​ ២១៨ លើក​/២១៣លើក (បង្ក​ដោយ​ជន​បរទេស​ចំនួន​៣​០​ករណី​ បង្ក​ដោយ​ជន​ជាតិ​ចិន​ចំនួន ​២៤​ករណី) ។ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ចំនួន​១៣​៣​នាក់​ ស្រី​២៥នាក់​ រង​របួស​ ចំនួន​៣៤៩នាក់​ ស្រី​១០៣​នាក់​ (រង​របួសធ្ងន់​១៧​១​នាក់ ​ស្រី​៣២នាក់)​ ។ -គ្រោះ​ថ្នាក់​អគ្គីភ័យ​កើតឡើង ចំនួន​២០លើក​/១៩លើក បណ្ដាល​ឲ្យឆេះផ្ទះ​អស់​១១ខ្នង ឆេះរោងចក្រ​ផលិត​ទឹកកក​១​កន្លែង​, ​ឆេះ​បន្ទប់​ផ្ទះ​សំណាក់​ ៤​បន្ទប់​ និង​ឆេះ​រថយន្ត​អស់​៨​គ្រឿង​ គ្រោះ​ថ្នាក់ខាង​លើ មិន​បណ្ដាល​ឲ្យមាន​មនុស្ស​ស្លាប់​ឡើយ ​។

ក្នុង​ឱកាស​នោះដែរ អស់​លោក​ជា​ថ្នាក់​ដឹកនាំ​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ អធិការ​នគរបាល​ក្រុង​ស្រុក​ និង​លោក​ស្នងការ​រង​ បាន​ឡើង​ធ្វើ​បទ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ លើក​ឡើង​អំពី​ចំណុច​វិជ្ជមាន​ និង​អវិជ្ជមាន​ ធ្វើជាបទពិសោធន៍​ ដើម្បី​រិះរក​វិធានការ​គន្លឹះ​ ឲ្យ​កិច្ច​ប្រតិបត្តិ​ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​សង្គម​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ ។

លោកឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ព្រះសីហនុ ក៏បាន​ឡើង​មានប្រសាសន៍​ ណែនាំ​មួយ​ចំនួន​ ឱ្យអស់លោក​ទាំង​អស់​ ខិតខំ​ប្រឹងប្រែង​ បំពេញ​ការងារ​ ឲ្យ​បាន​ល្អ​ គោរពតាម​ផែនការ​ និង​ បទបញ្ជា​ របស់​ថ្នាក់​លើ​ តាមឋានានុក្រម​ មាន​ស្មារតី​សាមគ្គី​ភាព​ ឯក​ភាព​ផ្ទៃ​ក្នុង​ ឲ្យ​បាន​ល្អ​ ធ្វើ​ការ​ប្រកបដោយ​ឆន្ទៈ​ និង​ការ​ទទួលខុស​ ៕

  

Comments

comments