អភិបាលខេត្តព្រះសីហនុសំរេចបិទកាស៊ីណូលើកោះរ៉ុងសន្លឹមក្រោមហេតុផលមិនគោរពច្បាប់ និងបាញ់បោះសេរីពីសំណាក់សន្តិសុខការពារទីតាំង

990

(ព្រះសីហនុ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ បានសំរេចចេញ សជណ បិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្ត ជីន ទីង ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយអនុវត្តចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ។

ក្នុងលិខិតនេះដដែលនេះបានអោយដឹងថា ទីតាំងនេះបានសាងសង់នៅលើដីឆ្នេរសមុទ្រ ពុំមានប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលបង្កផលប៉ះពាល់បរិស្ថានឆ្នេរសមុទ្រ ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតរបស់គណៈរដ្ឋមន្ត្រីដែលបានណែនាំថា ទីតាំងសាងសង់ត្រូវមានការឯកភាពពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ។

បើតាមលិខិតរបស់ចៅសង្កាត់កោះរ៉ុងសន្លឹមក៏បានអោយដឹងបន្ថែមថា ទីតាំងអាជីវកម្មនេះបានយកម៉ាស៊ីនភ្លើងដាក់នៅលើផែ ដែលបង្កឱ្យមានប្រេងហូរចូលសមុទ្រ ជាហេតុធ្វើឱ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង ។ អាជ្ញាប័ណ្ណប្រកបអាជីវកម្មល្បែងភ្នាល់អនឡាញហួសសុពលភាព មានករណីអ្នកគ្រប់គ្រងសន្តិសុខប្រចាំការនៅកាស៊ីណូ បានបាញ់គម្រាម និងបង្កឱ្យមានរបួសស្នាមនៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ ព្រមទាំងមានការបំពងសំលេងខ្លាំងៗ (ធុងបាស់) រាល់យប់រហូតទល់ៗភ្លឺ ធ្វើអោយរំខានដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅក្បែរនោះ ។

ក្រោមចំណាត់ការពីសំណាក់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលរស់នៅលើកោះរ៉ុងសន្លឹម និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងអាជ្ញាធរដែនដីបានសំដែងក្តីសាទរ និងរីករាយយ៉ាងខ្លាំងក្នុងការគាំទ្រររដ្ឋបាលខេត្តដែលបានសម្រេចបិទអាជីវកម្មនេះដែលកន្លងមកមិនគោរពច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាទាល់តែសោះ ៕

 

Comments

comments