លោក សក់ សេដ្ឋា ចូលរួមប្រកាសអភិបាលរងខេត្តព្រះសីហនុថ្មីបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានដកអភិបាលរង២រូប

151

(ព្រះសីហនុ)៖ លោក​ សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីចូលរួមពិធីប្រកាសអភិបាលរងខេត្តព្រះសីហនុថ្មីចំនួន២រូប នាសាលប្រជុំសាលាខេត្តព្រះសីហនុ ។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមានអភិបាលរងខេត្តទាំងពីរ ដែលបានបំពេញតួនាទីជាអភិបាលរងខេត្តព្រះសីហនុថ្មីនាពេលនេះគឺត្រូវបំរើប្រជាពលរដ្ឋតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខ អោយបានល្អប្រសើរ និងរួមសាមគ្គី ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ និងត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះគឺការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយត្រៀមលក្ខណះអប់រំបណ្តុះបណ្តាលសមត្ថភាព កសាងធនធានមនុស្សសម្រាប់បន្តវេនក្នុងពេលអនាគត ។

លោកអភិបាលខេត្តបន្តថា អនុវត្តតាមគោលដៅ នៃយុទ្ធសាស្រ្តអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងខិតខំប្រឹងប្រែងជម្រុញការអភិវឌ្ឍជាជំហានៗ តាមលទ្ធភាព និងធនធានដែលមាន ។ ជាលទ្ធផលទឹក ភ្លើង ផ្លូវថ្នល់ ផ្លូវប្របឆ្នេរសមុទ្រ ប្រព័ន្ធលូ សួនច្បារ ឆ្នេរសមុទ្រ និងប្រព័ន្ធការពារបរិស្ថាន ដោះស្រាយទំនាស់បានជាបន្តបន្ទាប់ ពង្រីកការអភិវឌ្ឍកំពង់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុកងកេង និងពង្រឹងសេវាថែទាំសង្គមន និងសុខមាលភាពជូនប្រជាពលរដ្ឋ ។

លោក ម៉ាង ស៊ីណេត ដែលទើបទទួលដំណែងជាអភិបាលរងខេត្តព្រះសីហនុថ្មី បានមានប្រសាសន៍ប្តេជ្ញាចិត្តគោរពរដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ចួលរួមអនុវត្តនូវគោលនយោបាយចតុកោណដំណាក់កាលទី៦ ដើម្បីកំណើនការងារ ខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព តម្លាភាព និងប្រសិទ្ធិភាព និងជាសេនាធិការបម្រើសេវារបស់រដ្ឋបាលខេត្ត រក្សាសាមគ្គីផ្ទៃក្នុង និងតាមមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ។

 

លោក សក់ សេដ្ឋា មានប្រសាសន៍ជម្រុញអោយរដ្ឋបាលខេត្តខិតខំថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចកើនឡើង បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ ពាក់ព័ន្ធទៅនឹងការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តទាំងពីរសង្ឃឹមថា នឹងអនុវត្តបំពេញភារកិច្ច សិក្សាស្រាវជ្រាវ ស្វែងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍខេត្តព្រះសីហនុបង្កើតបាននូវសមិទ្ធិផលថ្មីបន្ថែមទៀត ។ សហការការពារសន្តិសុខ ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៦របស់រាជរដ្ឋាភិបាល រក្សាការគ្រប់គ្រងបរិស្ថាន យកចិត្តទុកដាក់ធានារក្សាសុខសន្តិភាព បង្កឱកាសអភិវឌ្ឍរយៈពេលវែង ធ្វើអោយមានភាពទាក់ទាញផ្តោតលើធនធានធម្មជាតិតាមតំបន់ឆ្នេរ កោះ សិក្សាបញ្ចៀសផលប៉ះពាល់បរិស្ថាន និងដោះស្រាយ ផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត និងត្រៀមរៀបចំបង្ការការខ្វះខាតទឹកស្អាតនៅរដូវប្រាំងខាងមុខ ។

សូមបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងអភិបាលរងខេត្តថ្មីទាំងពីររូបនេះគឺលោក លៀម សុដា អតីតជាអភិបាលរងខេត្តឧត្តរមានជ័យ និងលោក ម៉ាង ស៊ីណេត អតីតមន្រ្តីក្របខណ្ឌគ្រប់គ្រងរដ្ឋបាលក្រសួងពាណិជ្ជកម្ម (ប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ) ចូលជំនួសដំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចេញអនុក្រឹត្យដកចេញពីមុខដំណែងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ។

តាមរយៈបណ្តាញសង្គមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអោយដឹងថា នៅថ្ងៃទី១ ខែ មីនា ឆ្នាំ២០១៩នេះបានបង្ខំចិត្តអនុវត្តអភិក្រមទី៥ចេញអនុក្រឹត្យដកតំណែងលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ​ប៊ុនវណ្ណៈចេញពីអភិបាលរងខេត្តព្រះសីហនុ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់បន្ថែមក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា “ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥ គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុ ពីររូបចេញពីតំណែង ។ ខ្ញុំត្រូវតែយកគ្រាប់គ្រួស និងខ្សាច់ចេញពីស្បែក ជើងទើបអាចដើរទៅមុខទៀតបាន ។ ខ្ញុំគ្មានពេលនិយាយច្រើនជាមួយមន្ត្រីខឹលខូចទៀតទេព្រោះខ្ញុំ បានអប់រំពួកគេច្រើនហើយ ។ ដល់ពេលនេះខ្លាក៏ត្រូវវាយ ពស់ក៏ត្រូវវាយ កណ្តុរក៏ត្រូវវាយ រុយក៏ត្រូវវាយ អោយតែបំពានលើ ផលប្រយោជន៍ប្រជាជន” ។ សូមបញ្ជាក់ថា លោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ​ ប៊ុនវណ្ណៈ កាលពីពេលកន្លងទៅមានជាប់ពាក់ព័ន្ធជាមួយបញ្ហាទំនាស់ដីធ្លីជាច្រើនកន្លែងក្នុងខេត្តព្រះសីហនុ ៕

Comments

comments