សាខាគយខេត្តព្រះសីហនុ ចុះចាប់រថយន្តសេរីទំនើបៗអត់បង់ពន្ធ ដើម្បីផាកពិន័យបង្កើនចំណូលថវិកាជាតិ​

488

(ព្រះសីហនុ)៖ រថយន្តអត់ពន្ធចំនួន ៣គ្រឿង ចរាចរនៅក្រុងព្រះសីហនុត្រូវបានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះចាប់យកមកកាន់ស្នាក់ការដើម្បីចាត់ការតាមច្បាប់ ។

លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៣ ខែមីនាថា ស្ថាប័នខ្លួន បានសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្តចុះចាប់រថយន្តអត់ពន្ធចំនួន ៣គ្រឿងជាថ្មីទៀត យកមករក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត ដើម្បីបន្តអនុវត្តនីតិវិធី និងឲ្យម្ចាស់មកបំពេញបែបបទបង់ពន្ធឲ្យបានត្រឹមត្រូវបានច្បាប់ពន្ធគយ ។

រថយន្តទាំង៣គ្រឿងនោះរួមមាន៖ ១- រថយន្តម៉ាក RANGE ROVER ពណ៌សចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AC 4751 (អាយ) ២- រថយន្តម៉ាក VELLFIRE ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2BE 6669 (អាយ) ៣- រថយន្តម៉ាក VELLFIRE ពណ៌សចង្កូតឆ្វេង ពាក់ស្លាកលេខ ភ្នំពេញ 2AZ 2277 (អាយ) ។

មន្ត្រីសាខាគយនិងរដ្ឋាករ បានបញ្ជាក់ថា បច្ចុប្បន្ន រថយន្តអត់បង់ពន្ធទាំង ៣គ្រឿង បានយកមករក្សាទុក នៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីឲ្យម្ចាស់រថយន្តទាំនេះ ចូលខ្លួនមកដោះស្រាយ ឬបំពេញបែបបទបង់ពន្ធឲ្យស្របតាមច្បាប់ពន្ធដារ និងផាកពិន័យ ។

ថ្នាក់ដឹកនាំសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានអះអាងថា ស្ថាប័ននេះ កំពុងបន្តជម្រុញសកម្មភាពការងារចុះស្រាវជ្រាវ និងចាប់រថយន្តសេរីទំនើបៗ ដែលត្រូវគេនាំលួចលាក់ចូលមកកម្ពុជា តាមគ្រប់រូបភាព ហើយកំពុងធ្វើចរាចរណ៍តាមផ្លូវសាធារណៈ នាមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីបង្ខំឲ្យម្ចាស់រថយន្តអត់បង់ពន្ធទាំងនោះ ចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធផាកពិន័យតាមច្បាប់ពន្ធដារ ប្រយោជនបង្កើនប្រាក់ចំណូលថវិកាជាតិ ឲ្យបានច្រើនថែមទៀត។

មន្ត្រីសាខាគយខេត្តព្រះសីហនុ ព្រមានថា នឹងមិនអត់អោនឲ្យម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍តាមផ្លូវសាធារណៈ នាមូលដ្ឋានខេត្តព្រះសីហនុ ជាដាច់ខាត និងបានអំពាវនាវដល់ម្ចាស់យានយន្ត ជាពិសេសម្ចាស់រថយន្តសេរីទំនើបៗអត់បង់ពន្ធទាំងអស់ ឲ្យចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធ ឲ្យបានទាំងអស់គ្នា ៕

 

 

Comments

comments