សម្តេចក្រឡាហោម ស ខេង អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅខេត្តបាត់ដំបង

52

(បាត់ដំបង)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅសាលាឃុំជ្រៃ ខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខប្រជាពល​រដ្ឋ​រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៧៩គ្រួសារ ស្ថិតក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា សម្តេច​មានការចូលរួមសោកស្តាយជាខ្លាំង ដែលបងប្អូន​បានទទួលរងគ្រោះដោយសារគ្រោះ​ធម្មជាតិគឺខ្យល់កន្រ្តាក់ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋយើងមួយចំនួននៅក្នុងស្រុកថ្មគោល។ សម្តេចបានបញ្ជាក់បន្ថែមថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរ​ដួលរលំផ្ទះ​ទាំងស្រុងចំនួន​២៨គ្រួសារទទួលបានអំណោយក្នុង១គ្រួសារទទួលបានថវិកា២០ម៉ឺន​​រៀល សង្កសី២០សន្លឹក ទឹកបរិសុទ្ធ១កែស អង្ករ២៥គីឡូក្រាម មី១កេស និងប្រជាពលរដ្ឋរងគ្រោះមធ្យមចំនួន២៥១គ្រួសារ បានទទួលអំណោយក្នុង១គ្រួសារទទួលបានថវិកា២០ម៉ឺនរៀលសង្កសី១០សន្លឹកទឹកបរិសុទ្ធ១កេសអង្ករ២៥គីឡូក្រាម មី១កេស។ សម្តេចក៏បានធ្វើការអំពាវនាវដល់កងកម្លាំង​គ្រប់ប្រភេទត្រូវសហការ​ជាមួយអាជ្ញាធរមូលដ្ឋានដោយនាំគ្នាចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កន្លងមកនិងត្រៀមកម្លាំងជានិច្ចសម្រាប់ចុះជួយឲ្យបានទាន់ពេលវេលា។

តាមរបាយការណ៍អភិបាលស្រុកថ្មគោលបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរង​គ្រោះដោយខ្យល់​កន្រ្តាក់កន្លងមកមានចំនួន៦ឃុំក្នុងចំណោម១០ឃុំក្នុងស្រុកថ្មគោលធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៧៩គ្រួសារក្នុងនោះមាន២៨គ្រួសារធ្ងន់ធ្ងរដួលរលំទាំងស្រុងនិងរងគ្រោះមធ្យមចំនួន២៥១គ្រួសារ សរុបទាំងអស់មាន២៧៩គ្រួសារ ៕

 

Comments

comments