គយចាប់ឡានទំនើបអត់ពន្ធទាំងព្រឹកនៅក្រុងព្រះសីហនុ

472

(ព្រះសីហនុ)-នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ សមត្ថកិច្ចគយចលត័តំបន់៣ ផ្លូវជាតិលេខ៤នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ បានឃាត់ចាប់រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងទៀតគ្មានពន្ធ ក្នុងក្រុងព្រះសីហនុ ។

មន្ត្រីគយដែលចុះចាប់ផ្ទាល់ថ្លែងថា រថយន្តទំនើបចង្កូតឆ្វេងមួយគ្រឿងនេះម៉ាកALPHARD ផលិតឆ្នាំ2015 ពាក់ផ្លាកលេខបន្លំ (ខេមរភូមិន្ទ02-4866)ដែលគ្មានការទទួលស្គាល់ពីក្រសួងការពារជាតិ ហើយបច្ចប្បន្នរថយន្តនេះសមត្ថកិច្ចនាំយកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ។

មន្ត្រីគយដដែលថ្លែងបញ្ជាក់ប្រាប់បណ្តាញផ្សព្វផ្សាយ សកម្មភាពឃាត់ចាប់រថយន្តនាំចូលមកប្រើប្រាស់ខុសច្បាប់នេះធ្វើឡើងតាមការណែនាំពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមិនត្រឹមតែជាការប្រមូលប្រាក់ពន្ធទេ ប៉ុន្តែជាយុទ្ធនាការ ឈានទៅរកការជំរុញអោយមានការគោរពច្បាប់ជាធរមាន ៕

Comments

comments