ឯកឧត្ដម​ វ៉ាង យ៉ាងជុង អនុរដ្ឋមន្រ្តី​ចិន​ សំណូម​ពរ​ឱ្យរដ្ឋបាល​ខេត្ត ជួយការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​វិនិយោគ​ចិន

12


ខេត្តព្រះសីហនុ៖ ឯកឧត្ដម​ វ៉ាង យ៉ាងជុង អនុរដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​បក្សកុម្មុយនីស្តចិន បាន​បង្ហាញ​ជំនឿ​ថា រយៈពេល ១០​ឆ្នាំ​ខាងមុខ ខេត្តព្រះសីហនុ​ នឹងមាន​ការអភិវឌ្ឍ​លឿន​ ក្លាយជា​ទីក្រុង​ដ៍ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។

ក្នុងជំនួបដ៏មានសារ:សំខាន់កាលពីថ្ងៃទី២៤ ឧសភា ឆ្នាំ ២០១៩​ នៅសណ្ឋាគារសុខា​ ខេត្តព្រះសីហនុ​ លោកបញ្ជាក់​ថា នឹង​ជំរុញ​ក្រុមហ៊ុន​វិនិយោគ​ចិន មកកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ ដើម្បី​លើក​កម្ពស់​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​បាន​សំណូម​ពរ​ឱ្យរដ្ឋបាល​ខេត្ត ជួយការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​វិនិយោគ​ចិន ដោយ​អនុវត្ត​តាមច្បាប់​របស់ប្រទេសកម្ពុជា។

ឯកឧ​ត្ដមអនុរដ្ឋមន្រ្តី បាន​លើកឡើង​ថា នេះជា​លើក​ទី២​ហើយ ដែល​ ឯកឧ​ត្ដម បានមកដល់​ខេត្ត​ព្រះសីហនុ បន្ទាប់ពីលើក​ទី១ កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ដោយ​ក្នុង​រយៈពេល ២ឆ្នាំ​ចុង
​ក្រោយនេះ លោក​សង្កេតឃើញ​ថា ខេត្តមាន​ការអភិវឌ្ឍ​យ៉ាងឆាប់​រហ័ស​ មាន​ការដ្ឋាន​ និង​អគារ​ធំៗ​កើតឡើង​ជាច្រើន ។
ឯកឧ​ត្ដម យន្ត មីន អភិបាលខេត្ត​ បាន​ថ្លែងក្នុងជំនួបនេះ​ថា :​ ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​៩ ក្នុង​នោះ ៤ទីតាំង​កំពុង​ដំណើរការ មាន​ទុនវិនិយោគ​ចិន ប្រមាណ ៧០​ភាគរយ​នៃ​ទុនវិនិយោគ​សរុប។ ជាមួយនេះផងដែរ​ ឯកឧ​ត្ដម​ សូមអរគុណដល់មហាមិត្តចិន​ ដែលបានមកចូលរួមចំណែកយ៉ាងច្រេីនលេីការអភិវឌ្ឍនៅខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា​ ខេត្តព្រះសីហនុ​ បាន​បង្កើត​សម្ព័ន្ធភាព​ជា​មួយ​ខេត្ត -ក្រុង នៃ​ប្រទេសចិន​ចំនួន ១៦ ខេត្ត-ក្រុង ក្នុងនោះ​មាន​ដូចជា: ខេត្តជាំងស៊ូ ហៃណាន លីវ នីង គួយចូវ ក្រុងណាន នីង អ៊ូស៊ី ធានជីង សួយនីង ឈីវតាវ ជាដើម៕

 

Comments

comments