សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស និមន្តយាងដឹកនាំសម្ដេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃ ថ្វាយព្រះជ័យមង្គលពរចំពោះព្រះមហាក្សត្រ និងសម្តេចព្រះបវររាជមាតាជាតិខ្មែរ

551

(ភ្នំពេញ)៖ សម្តេច​ព្រះ​អគ្គមហា​សង្ឃរាជា​ធិបតី​ កិត្តិ​ឧទ្ទេស​បណ្ឌិត​​ ទេព​ ​វង្ស​ សម្តេច​ព្រះ​មហាសង្ឃ​រាជ​ គណៈមហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នារសៀលថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ បាននិមន្តយាងដឹកនាំ សម្ដេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃចំនួន៦៧អង្គ ថ្វាយព្រះជ័យមង្គលពរចំពោះព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុង​ឱកាស​ដ៏​មហា​នក្ខត្តឫក្សឧត្តុង្គឧត្តមវិសេសថ្លៃថ្លា នៃព្រះ​រាជពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​វឌ្ឍនៈមង្គលគម្រប់​៦៦ យាងចូល ​៦៧​ព្រះ​វស្សា​ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ សម្តេច​ព្រះ​មហាសង្ឃ​រាជ សម្ដេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះរាជាគណៈ និងព្រះមន្រ្តីសង្ឃទាំងអស់ បានថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះបវររាជមាតាជាតិខ្មែរ មានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះបញ្ញាញាណឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំដល់អាណាប្រជានុរាស្រ្តក្នុងសុខសន្តិភាព និងចម្រុងចម្រើនថ្កុំថ្កើងរុងរឿងទូទាំងព្រះរាជាណាចក្រកម្ពុជាចីរកាល និងជួបប្រទះនូវពុទ្ធមង្គលពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕  

 

Comments

comments