សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

220

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា​ នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រះមហាប្រាសាទខេមរិន្ទ​ ព្រះបរមរាជ​វាំង។

ទន្ទឹមនឹងការទូលថ្វាយរបាយការណ៍ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយតង្វាយចំនួន ៥០ម៉ឺនដុល្លារ ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង​ ៥០ម៉ឺនដុល្លារ ថ្វាយ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតា ជាទីគោរពសក្ការៈ​ ដើម្បីរួមវិភាគទាន ដល់ព្រះរាជសកម្មភាព​មនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានៃ​ព្រះអង្គទាំងទ្វេ​ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមប្តេជ្ញាដង្ហែតាមលំអានព្រះរាជវីរគំរូដ៏ប្រពៃថ្លៃថ្លានៃ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជារៀងដរាប៕

 

Comments

comments