មានពលរដ្ឋជិត ១ពាន់នាក់ ប្រដាប់ដោយដំបង និងដុំថ្ម ព្រោះកំហឹងរំលោភ សម្លាប់

83

ខេត្តព្រះសីហនុ៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់មកកាន់សារព័ត៌មានថា ជាការសម្រេចចុងក្រោយ និងមានគោលការណែនាំ ពីអគ្គស្នងការនគរបាលជាតិ នៅពេលនេះសមត្ថកិច្ចរបស់លោក មិនបញ្ជូនជនដៃដល់ ដែលសម្លាប់ក្មេងទាំងពីរនាក់ ទៅធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយ ដោយសារតែប្រជាពលរដ្ឋជិត ១ពាន់នាក់ កំពុងរង់ចាំនៅទីនោះ នឹងអាចព្រួតវាយសម្លាប់ចោលព្រោះតែកំហឹងរបស់ពួកគាត់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «នៅពេលនេះសមត្ថកិច្ចរបស់យើងសម្រេចដោយមិនបញ្ជូនជនសង្ស័យទៅធ្វើត្រាប់នៅកន្លែងកើតហេតុនោះឡើយដោយសារតែនៅទីនោះ មានប្រជាជនពី៥ ទៅ៦០០នាក់ នឹងបន្ដមកថែមទៀតរង់ចាំ ដូច្នេះពួកគាត់អាចផ្ទុះកំហឹងខ្លាំង ឈានដល់ការវាយសម្លាប់ជនសង្ស័យនឹងអាចប៉ះពារជាមួយកងកម្លាំងសមត្ថកិច្ចយើងទៀតផង»។

ប្រជាពលរដ្ឋដែលកំពុងរង់ចាំមើលមុខជនដៃដល់ទាំងអស់ នៅក្នុងដៃខ្លះក៏មានកាន់ដំបង ហើយខ្លះក៏មានកាន់ដុំថ្មផងដែរ ដោយពួកគាត់អះអាងថា នឹងវាយជនដៃដល់ដើម្បីបញ្ចេញ កំហឹងជូនក្រុមគ្រួសារ ក៏ដូចជាជនរងគ្រោះទាំងពីរនាក់បងប្អូន ដែលបានស្លាប់។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា ជនសង្ស័យត្រូវបានលោកសួរនាំផ្ទាល់ និងត្រៀមកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់។

ចម្លើយសារភាពបឋមរបស់ឃាតកសម្លាប់ក្មេងទាំងពីរនាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចអះអាងថា ផ្ដើមចេញពីគ្រឿងញៀន និងស្រា ដែលជននេះបានសេពរហូត ប្រព្រឹត្តអំពើឃាតកម្មដ៏ព្រៃផ្សៃមួយនេះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា មុនពេលកើតហេតុជនដៃដល់រូបនេះ អង្គុយផឹកស្រាស នៅផ្ទះបានកន្លះលីត្រ ក៏ប្រើឲ្យប្រពន្ធរបស់ខ្លួន ជាស្ដ្រីមេម៉ាយកូន ៥នាក់ ទៅទិញពងទាកូនសម្រាប់ក្លែម។ ដោយសារតែប្រពន្ធទៅយូរពេក ខ្លួនបានបន្ដផឹកស្រា រហូតដល់មួយលីត្រកន្លះ រួចក៏ដើរទៅតាមប្រពន្ធស្រាប់តែឃើញ ក្មេងរងគ្រោះទាំងពីរនាក់ នៅក្នុងផ្ទះ ក៏ធ្វើសកម្មភាពចាប់រំលោភ ហើយឈានទៅដល់ការសម្លាប់តែម្ដង។

សូមបញ្ជាក់ថា ជនដៃដល់ដែលសម្លាប់ក្មេង ២នាក់បងប្អូន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដែលជាម្ចាស់ករណី នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមច្បាប់។ ជនដៃដល់ឈ្មោះ មាង វិចិត្រ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅរសៀលថ្ងៃម្សិលមិញ នៅស្រុកកំណើតស្រុកមេសាង ខេត្តព្រៃវែង។

អំពើឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ដោយកុមារា រងគ្រោះ មានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុជិត១០ឆ្នាំ៕

 

Comments

comments