តើជា​ការ​ពិត​ឬទេ​ ១មុឺនដុល្លារ ក្នុងការ​លប់បំបាត់​អំពើ​ឃាតកម្ម​នៅស្ពានទឹកសាបនេះ​?? 

41


ខេត្តព្រះសីហនុ​៖ ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ​បាន​កោះហៅ​លោកមេ​ប៉ុស្តិ៍​ប៉ូលិស​ឃុំ​រាម​ម្នាក់ និង​បក្ខពួក ករណី​ឃាតកម្ម​មួយ​កើតឡើង បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ ហើយ​សាកសពត្រូវ​​បានគេ​យកទៅ​បោះចោល​នៅ​ក្បាលស្ពាន​ទឹកសាប។ បើតាមលោក​វរៈសេនីយ៍ទោ ហួរ យ៉ៃ បាន​ឲ្យដឹងថា នៅ​​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០១៩ ករណីនេះ​លោក​បាន​បញ្ជូនទៅ​ថ្នាក់លើ​ផុតពី​ដៃ​ហើយ មិនអាច​ដឹងបាន​ទេ លោក​មិនបាន​លម្អិត​លើ​សំណុំ​រឿងនេះ​ឡើយ​ ព្រោះ​ជាប់​ប្រជុំ​។​ ក្នុងនោះ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន​ទាំង​លោក​ប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រាម​ឈ្មោះ គង់ សា​ម៉ៃ ប្រជា​ការពារ​ភូមិ​មួយចំនួន​រួម​និង​ម្ចាស់ផ្ទះ​បង្កហេតុ​សរុប មាន​៥​នាក់​។

ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​ក្នុងភូមិ​ទឹកសាប​ឃុំ​រាម ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ​ នៅ​​ក្បែរ​ផ្ទះកើតហេតុ បាន​បង្ហើប​ថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​មនុស្ស​ចាំ​ដី​ឲ្យ​ថ្នាក់ដឹកនាំ​នៅ​ផ្តុំ​នោះ ជាមួយគ្នា​តែ​ជនរងគ្រោះ​ស្រ​វឹង​ស្រា នៅវេលា​ម៉ោង​ប្រហែល​៩​យប់ ជនរងគ្រោះ​បានមក​រុញច្រាន​ទ្វារផ្ទះ​(ម៉ែ​អា​គៀត​) ដោយមាន​សំឡេង​ស្រែកជេរ​បញ្ចោ​ផងដែរ ភ្លាមៗនោះ​កូនប្រុស​ពៅ​របស់​ម៉ែ​អា​គៀត មិន​ស្គាល់ឈ្មោះ​ក៏​លី​កាំបិតផ្គាក់​ចេញមក​កាប់​ទៅលើ​ជនរងគ្រោះ​ដាច់​ស្មា​ម្ខាង​ធ្លាក់​តែម្តង ហេតុ​ការ​នេះបានកើត​បែបនេះ ម៉ែ​អា​គៀត​ម្ចាស់ផ្ទះ​បាន​ទូរស័ព្ទ​រាយការណ៍​ទំនាក់ទំនង​ជាមួយ​លោក​មេ​ប៉ុស្តិ៍​ឃុំ​រាម ឈ្មោះ គង់ សា​ម៉ៃ ឲ្យ​មកជួយ​យក​ជនរងគ្រោះ​ទៅណា ក៏​ទៅ​ចុះ​ធ្វើ​ម៉េច​ឲ្យ​ផុតពី​ផ្ទះ​គាត់ ដោយ​សន្យា​ឲ្យ​ឈ្នួល​១០,០០០​ដុល្លារ​(​មួយ​ម៉ឺន​ដុ​លា្ល​រ​) គ្រាន់តែ​ឮដូច្នេះ​លោក​មេ​ប៉ុស្តិ៍​ចាត់ការ​ដោយ​ប្រើ​កង​ប្រជា​ការពារ​ម្នាក់ទៀត ដឹក​យកទៅ​ផ្លុ​ង​ចោល​តែម្តង​។​

​ពាក់ព័ន្ធ​និង​រឿងរ៉ាវ​នេះ​លោក​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្តព្រះសីហនុ​បាន​ថ្លែង​ប្រាប់តាម ទូរស័ព្ទ​ថា​ ជនរងគ្រោះ​គឺជា​មនុស្ស​សតិ​មិន​ប្រក្រតី​ ហើយ​មិនមែន​ជា​ករណី​មនុស្សឃាត​អីទេ​ ដំបូងឡើយ​មេ​ប៉ុស្តិ៍​បាន​ទទួល​ទូរស័ព្ទ​ថា​ មាន​គ្រោះថ្នាក់​ចរាចរណ៍​តែ​ពេល​គាត់​ទៅ​ពិនិត្យ​មើល​មិនឃើញ​ ១០នាទីក្រោយមកទើប ទទួលទូរស័ព្ទ​ពី​ម្ចាស់​ផ្ទះ​ថា​ មាន​មនុស្ស​ទៅ​អុកឡុក​ទើប​មេ​ប៉ុស្តិ៍​នាំ​ប្រជាការពារ​ទៅមើល​និង​ជួយ​ចាប់​ទាញចេញ​ពី​មុខផ្ទះ​នោះ​…។​ ការ​អញ្ជើញ​លោក​មេ​ប៉ុស្តិ៍​មកស្នងការនេះ​គ្រាន់តែ​ចង់​សួរគាត់​បញ្ជាក់​បន្ថែម​នោះ​ទេ​។

សូម​បញ្ជាក់​ថា​ រឿងរ៉ាវ​នេះកើតឡើង​តាំងពី​យប់ថ្ងៃទី​ ៣០ ខែឧសភា​ ឆ្នាំ​ ២០១៩មកម៉្លេះ ប៉ុន្តែ​នៅ​តែមានចំណុចសង្ស័យ​ជាច្រើន​នៅ​ក្នុង​សំណុំរឿងនេះ​ ដោយសារ​ការ​លើកឡើង​របស់​ពលរដ្ឋ​អ្នក​រស់នៅ​ជិតខាង​និង​ប្រសាសន៍​លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​។ រឿងរ៉ាវ​នេះ​យ៉ាងណា​បន្ត​ទៀតនោះ​និង​មាន​ផ្សាយ​​បន្ថែមនៅពេល​​​ក្រោយ៕

 

Comments

comments