អភិបាលខេត្តព្រះសីហនុចុះពិនិត្យរោងចក្របំលែងកាកសំណល់ផេះធ្យូងថ្មនៅស្រុកស្ទឹងហាវដែលផ្ទុះការតវ៉ាពីប្រជាពលរដ្ឋ

155

(ព្រះសីហនុ)៖  ព្រឹកថ្ងៃទីចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញ និងលោកអភិបាលស្រុកស្ទឹងហាវ ចុះពិនិត្យទីតាំងរោងចក្របំលែងកាក សំណល់ផេះធ្យូងថ្ម ស៊ីម៉ាវ ស្ថិតនៅក្រុម៤ ភូមិ២ ឃុំអូរត្រះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញរោងចក្រចំនួន ៤២គ្រួសារនាពេលថ្មីៗនេះ ។

លោក យន្ត មីន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ៤២គ្រួសារ រស់នៅជុំវិញរោងចក្រសម្ងួតកាកសំណល់ធ្យូងថ្ម ស្នើរសុំឲ្យរដ្ឋបាលខេត្ត ស្រុក ជួយអំពីបរិស្ថាន (ផេះ) ដែលពួកគាត់ពិបាករស់នៅ ។ ហើយព្រឹកនេះមានអភិបាលខេត្តក៏បានដឹកនាំ អភិបាលស្រុក មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ឃុំ ភូមិ ដើម្បីចុះមកពិនិត្យសកម្មភាពជាក់ស្តែងនៅរោងចក្រផលិតកាកសំណល់ផេះពីរោងចក្រធ្យូងថ្ម ជាវត្ថុធាតុដើម ។

លោកបន្តថា រោងចក្រនេះមានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ក៏ប៉ុន្តែបច្ចុប្បន្នវាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅជុំវិញ បង្ករផលប៉ះពាល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ ការចុះពិនិត្យរបស់ក្រុមការងារពិនិត្យឃើញថា រោងចក្រមិនបង្កផលប៉ះពាល់អាក្រក់ពេកនោះទេ ព្រោះផេះនេះយកចេញមកពីរោងចក្រអគ្គិសនីធ្យូងថ្ម ដើម្បីកែច្នៃជាប្រយោជន៍ យកទៅផ្គត់ផ្គង់ឱ្យរោងចក្រក្រឡុកបេតុង ។ ដំណោះស្រាយយើងបានឯកភាពឱ្យរោងចក្រនេះកែលម្អលក្ខណ:បច្ចេកទេស ធ្វើយ៉ាងណាកុំឱ្យមានផេះហុយមកលើផ្ទះបងប្អូនប្រជាពលរដ្ឋបន្តទៀត កាត់បន្ថយផលប៉ះពាល់ និងបំបាត់ផលប៉ះពាល់ដោយទុករយ:ពេល ២ ឬ ៣ខែបន្តទៀត ប្រសិនរោងចក្រមិនអាចអនុវត្តតាមការណែនាំរបស់ក្រុមការងារទេ និងត្រូវបញ្ឈប់ដំណលរការ ឬក្រុមហ៊ុនរកទីតាំងថ្មី ដែលនៅឆ្ងាយពីប្រជាពលរដ្ឋ  ។ ប្រសិនបើគាត់កែលម្អបានល្អ យើងនឹងឱ្យគាត់បន្តអាជីវកម្ម ព្រោះដំណោះស្រាយ គឺយើងធ្វើដើម្បីឈ្នះឈ្នះទាំងអស់គ្នា អ្នកវិនិយោគក៏ទទួលបានផលប្រយោជន៍ ប្រជាពលរដ្ឋក៏ទទួលបានការងារពីរកាវិនិយោគនៅនឹងកន្លែង ព្រោះក្រុមហ៊ុនបានបង់ពន្ធចូលថវិការដ្ឋ ហើយប្រជាពលរដ្ឋបានការងារធ្វើទទួលបានផលប្រយោជន៍ទៅវិញទៅមក ។

លោកអភិបាលខេត្តក៏បានសំណូមពរប្រជាពលរដ្ឋមានការយោគយល់ បើមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ត្រូវចេះយោគយល់ ព្រោះប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ពីការវិនិយោគ និងទទួលបានការងារផងដែរ ។

ចំណែកលោក Chen Song អ្នកគ្រប់គ្រងរោងចក្រកែច្នៃកាកសំណល់ធ្យូងថ្មបានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្នរោងចក្ររបស់លោក ធ្វើការសម្ងួតកាកសំណល់ពីរោងចក្រធ្យូងថ្ម ដើម្បីយកទៅផ្គត់ផ្គង់ដល់រោងចក្រក្រឡុកស៊ីម៉ង់ក្នុងមួយថ្ងៃ ១០០តោន ។ លោកក៏បានសន្យាថា និងកែលម្អបរិស្ថាននៅក្នុងរោងចក្រកុំឱ្យហុយចេញមកក្រៅបន្តទៀត បង្កផលប៉ះពាល់់ដល់ប្រជាពលរដ្ឋ ហើយសន្យាធានាកាត់បន្ថយ មិនឱ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់រោងចក្រនេះបន្តទៀតឡើយ ៕

Comments

comments