លោក ស សុខា ចាត់ទុក “បងៗនគរបាលចរាចរណ៍ជាវីរជនវីរនារី!”

54


(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុកផេក របស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា របស់លោក លោកបានចាត់ទុក “បងៗនគរបាលចរាចរណ៍ជាវីរជនវីរនារី!”
លោក ស សុខា បានបង្ហោះសារខាងលើនេះថា “ខ្លួនខ្ញុំផ្ទាល់​ ខ្ញុំតែងតែចាត់ទុកបងៗនគរបាលចរាចរណ៍ជាវីរជនវីរនារី”​ ព្រោះបងៗបានលះបង់ពេលវេលាពីក្រុមគ្រួសារមិនថាថ្ងៃឈប់សម្រាក​ យប់ព្រលប់​ ភ្លៀងខ្យល់​ ហាលក្ដៅហាលសន្សើម​ បងៗតែងបំពេញភារកិច្ចតួនាទីសម្រួលនិងរំដោះចរាចរណ៍ជូនមហាជន។

លោក ស សុខា ដែលអតីតជា ស្នងការរងនគរបាលរាជធានីភ្នំពេញផងដែរនោះ បានបន្ថែមថា “មកដល់ពេលនេះ​ ខ្ញុំនៅតែចាំជានិច្ចកាលពីខ្ញុំនៅជាស្នងការរងទទួលផែនចរាចរណ៍​ មានបងនគរបាលចរាចរណ៍ម្នាក់​ ពេលខ្ញុំចែកនំបុ័ងជូនមួយដើម​ គាត់ហូបតែមួយកំណាត់ប៉ុណ្ណោះ។ ខ្ញុំសួរគាត់ថា​ ម៉េចមិនហូបទាំងអស់​? គាត់ថា​ ទុកផ្ញេីកូន។ ឮដូច្នេះ​ ខ្ញុំសឹងស្រក់ទឹកភ្នែក​ រួចជូនគាត់ថែម។ ជាពិសេសពេលឮបទឪពុកខ្ញុំជាប៉ូលីសចរាចរណ៍​ ខ្ញុំតែងនឹកដល់គាត់​ ហើយទឹកភ្នែកខ្ញុំទប់ពុំបាន” ។

លោក ស សុខា បន្ថែមថា រាត្រីនេះ ខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះបងៗនគរបាលចរាចរណ៍ដែលបានអញ្ជើញចូលរួមកម្មវិធីអាហារសាមគ្គីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត​ ស​ សុខា។ សូមលើកទឹកចិត្តបងៗបន្តបំពេញតួនាទីភារកិច្ចតាមក្រមសីលធម៌វិជ្ជាជីវៈ​ និងសូមបងប្អូនប្រើប្រាស់ផ្លូវទាំងអស់សហការ​ និងផ្ដល់តម្លៃដល់បងៗនគរបាលចរាចរណ៍តាមរូបភាពណាមួយដែលអាចធ្វើបានផងចុះ ៕

 

Comments

comments