ជា​ប្រវត្តិសាស្ត្រ​មិនធ្លាប់មាន​!! ឃ្លាំងម៉ាស៊ីនភ្លើងជនជាតិចិនរាប់សិបគ្រឿង ត្រូវបានរឹបអូសជាបណ្ដោះអាសន្ន

236

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចគយចុះចាប់យកម៉ាសុីនភ្លើងមិនមានឯកសារបង់ពន្ធច្រើនគ្រឿង ក្នុងឃ្លាំង២កន្លែងរបស់ជនជាតិចិននៅក្រុងព្រះសីហនុ។ នៅព្រឹកថ្ងៃទី១១កក្កដា២០១៩សមត្ថកិច្ចគយចលត័នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សហការជាមួយសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុនិងចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថ ៤០២ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក សុខ កល្យាណប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញា សៀង សុខ ហើយនិងលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដឹកនាំចុះអនុវត្តន៏ផ្ទាល់ អនុវត្តន៏តាមដីកាលេខ២៨០៥ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ បានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាសុីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន ដែលមានទីតាំងដូចខាងក្រោម៖

ទី១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ។

ទី២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច ស្ថិតនៅក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ។
បើតាមមន្ត្រីគយថ្លែងថា ក្នុងពេលឆែកត្រួតពិនិត្យកន្លែងលក់ម៉ាសុីនភ្លើងទាំង២កន្លែងនេះ សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូលខុសនឹងនិតិវិធីគយ។ ករណីនេះសមត្ថកិច្ចគយបានដកហូតយកម៉ាសុីនភ្លើងទាំងអស់ទៅរក្សាទុកជាបណ្តោះអាសន្នរួចហើយតម្រូវអោយម្ចាស់ចូលទៅបង្ហាញឯកសារបង់ពន្ធនិងបើគ្មានឯកសារត្រឹមត្រូវ តម្រូវអោយម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិនយ័តាមនិតិវិធីច្បាប់ ។

មន្ត្រីគយថ្លែងបញ្ជាក់ដែរថា សកម្មភាពបង្ក្រាបទំនិញគេចពន្ធនេះ គឺអនុវត្តន៍តាមគោលការណ៍ណែនាំផ្ទាល់ពីប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបអំពើគេចពន្ធ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសអោយប្រតិបត្តិករឯកជនទាំងអស់ ទាំងជនជាតិខ្មែរនិងជនបរទេសត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋ៕

 

Comments

comments