ជនសង្ស័យ ជនជាតិចិន ៨ នាក់ត្រូវបានឃាត់ខ្លួន ពីបទបង្ខាំងមនុស្សជំរិតទារប្រាក់

70

ខេត្តព្រះសីហនុ៖ គិតមកដល់ ម៉ោង១ និង ៣០នាទី រសៀលថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១៩ នេះ យោងតាមសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យ ពីបទបង្ខាំងមនុស្ស ខុសច្បាប់ ដែលប្រព្រឹត្តទៅ នៅក្នុងសណ្ឋាគារនិងកាស៊ីណូឃ្វីនកូត្រូវបាន សមត្ថកិច្ច កំពុងសាកសួរកសាងសំណុំរឿងតាមនិតិវិធី។

ប៉ុន្តែចំពោះអត្តសញ្ញាណ ជនសង្ស័យទាំង ៨នាក់ និងជនរងគ្រោះពីរនាក់ សមត្ថកិច្ចពុំទាន់ដឹងនៅឡើយទេ រង់ចាំពេលវេលាសាកសួរ ឲ្យបានមាត់ជាប់ជាមុនសិន។ ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ករណីនេះ បើយោងតាមការពិនិត្យជំហានដំបូង គឺជនសង្ស័យទាំង ៨ នាក់នេះ បានឃាត់ខ្លួន ជនរងគ្រោះចំនួន ២ នាក់ យកមកបង្ខាំងទុក នៅក្នុងកាស៊ីណូនិងសណ្ឋាគារខ្វីនកូ ដែលមានទីតាំងឋិតនៅ ភូមិ ៣ សង្កាត់លេខ ៣ ក្រុងនិងខេត្តព្រះសីហនុ ដោយតម្រូវឲ្យជនរងគ្រោះទាំងពីរ ប្រគល់ប្រាក់ ឲ្យពួកគេ ជាថ្នូរនឹងការដើរលេង ប៉ុន្តែគេនៅពុំទាន់ដឹង ថាទឹកប្រាក់ដែលជនសង្ស័យទាំង ៨ នាក់នោះ ទាមទារមានចំនួនប៉ុន្មាននោះទេ។

គួររំលឹកផងដែរថា កាលពីម៉ោង៨:៣០នាទី ថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចចម្រុះមាននគរបាលនិងកងរាជអាវុធហត្ថខេត្តបង្ក្រាបបានករណីជនជាតិចិនចាប់ជំរិត ជនជាតិចិនដូចគ្នា នៅសណ្ឋាគារនិងកាសុីណូ ឃ្វីនកូ បន្ទប់លេខ៦ ជាន់ទី៥ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះមានគ្នា២នាក់ ចំណែកជនសង្ស័យមាន បក្ខពួកចំនួន៨នាក់
វត្ថុតាំង រួមមាន៖
ទី១- រថយន្តIexus570មួយគ្រឿង
ទី២-​ ទូរស័ព្ទ១០គ្រឿង
ទី៣-​ កាត ធនាគារ ១៣
ទី៤- លិខិត ឆ្លងដែន៣ក្បាល
ទី៥- អត្តសញ្ញណប័ណ្ណចិន៤ច្បាប់
ទី៦-​ កាបូបស្ពាយ១
ទី៧-​ ខ្សែរិត ១ដុំ។

បញ្ហា​ចាប់ជំរិត​ ចាប់​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​នេះ​កន្លងមក​ក៏មាន​ច្រើន​ករណី​ផងដែរ​សម្រាប់​ជនបរទេស​ ពិសេស​ជនជាតិ​ចិន​ដែល​មកធ្វើការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ ប៉ុន្តែ​ករណី​ទាំងនេះ​មិនអាច​រំលង​ពី​ដៃ​សមត្ថកិច្ច​និង​សំណាញ់​ច្បាប់​របស់កម្ពុជានោះឡើយ​៕

 

Comments

comments